ប៊ិចគឺជាឧបករណ៍ដែលចាំបាច់ត្រូវប្រើប្រាស់ជាប្រចាំថ្ងៃ បើទោះជាសម័យកាលជឿនលឿនកម្រិតណាក៏វានៅតែជាវត្ថុមិនអាចខ្វះបាន ជាពិសេសសម្រាប់អ្នកជំនួញមានមុខមាត់ និងបុគ្គលមានសក្តិយសជាដើម។
ក្រៅពីអាចប្រើប្រាស់សម្រាប់សរសេរ ឬស៊ីញ៉េកុងត្រាផ្សេងៗ ប៊ិចក៏អាចយកមកធ្វើជាវត្ថុលំអនៅតាមអាវធំ ដែលអាចធ្វើឲ្យអ្នកដទៃមើលមកឃើញពីភាពថ្លៃថ្នូរ និងសក្ដិសមជាសុភាពបុរសតែម្ដង។
ជាការពិត សម្រាប់បុគ្គលល្បីៗ ឬអ្នកជំនួញមានមុខមាត់ ពួកគេមិនអាចប្រើប្រាស់ប៊ិចធម្មតាៗឡើយ ពោលប៊ិចដែលពួកគេប្រើប្រាស់ភាគច្រើនគឺជាការកុម្ម៉ង់ដោយផ្ទាល់ ឬក៏ជាប៊ិចមានតម្លៃថ្លៃៗផ្សេងៗ។ ខាងក្រោមនេះគឺជាប៊ិច ៦ ប្រភេទដែលមានតម្លៃថ្លៃបំផុតលើលោក៖
6/ Visconti HRH Limited Edition Ripple Fountain Pen (៥៧ ០០០ ដុល្លារ)
ក្រុមហ៊ុន Visconti មិនដែលផលិតផលិតផលរបស់ពួកគេក្នុងចំនួនច្រើនឡើយ ដោយសាររាល់ផលិតផលរបស់ពួកគេនីមួយៗ គឺធ្វើឡើងដោយយកចិត្តទុកដាក់បំផុត និងសុទ្ធតែធ្វើឡើងដោយដៃផ្ទាល់។
ក្នុងចំណោមផលិតផលទាំងអស់របស់ក្រុមហ៊ុនអ៊ីតាលី Visconti HRH Limited Edition Ripple Fountain Pen គឺជាប៊ិចមានតម្លៃថ្លៃបំផុតមួយនៅលើលោក ដោយក្នុងមួយដើមគឺមានតម្លៃប្រមាណ ៥៧ ០០០ ដុល្លារ។
5/ Caran D’Ache Gothica Pen (៤០៦ ៤៥៣ ដុល្លារ)
ក្រុមហ៊ុន Caran d’Ache គឺបានយកឈ្មោះតាមភាសារុស្ស៊ី Karandash ដែលមានអត្ថន័យប្រែថា ប៊ិច ហើយក្រុមហ៊ុនស្វីសមួយនេះ គឺត្រូវបានគេឲ្យតម្លៃតាមរយៈការផលិតប៊ិចប្រណិតមានគុណភាពល្អៗ។
ប៊ិចប្រភេទ Gothica របស់ Caran d’Ache គឺជាប់ឈ្មោះជាប៊ិចប្រណីតបំផុតមួយលើលោក ដោយវាបានរចនាមកជាមួយត្បូងមរកត ៧២ គ្រាប់ ត្បូងទទឹម ៧២ គ្រាប់ និងពេជ្រប្រហែល ៩០០ គ្រាប់លំអលើគម្រប និងផ្នែកខ្លះនៃប៊ិច។
4/ Mont Blanc International GmbH Limited Edition Mystery Masterpiece (៧៣០ ០០០ ដុល្លារ)
ក្រុមហ៊ុនយក្ស Montblanc របស់ប្រទេសអាល្លឺម៉ង់ គឺត្រូវបានគេស្គាល់ថាអ្នកផលិត និងចែកចាយវត្ថុប្រើប្រាស់ប្រណិតៗ រួមមានទាំងទំនិញប្រភេទស្បែក នាឡិកា គ្រឿងអលង្ការ និងសូម្បីតែទឹកអប់។
កាលពីឆ្នាំ ២០០៦ Montblanc បានចាប់ដៃគូជាមួយក្រុមហ៊ុនផលិតគ្រឿងអលង្ការ Van Cleef and Arpels និងបានបង្កើតវត្ថុប្រណីតៗជាច្រើន ហើយប៊ិច Mont Blanc International GmbH Limited Edition Mystery Masterpiec ដែលមានតម្លៃ ៧៣០ ០០០ ដុល្លារនោះផងដែរ គឺជាវត្ថុប្រណីតមួយបំផុតលើលោក។
3/ Heaven Gold Pen (១ លានដុល្លារ)
ប៊ិចមួយដើមនេះគឺត្រូវបានរចនា និងដាក់ឈ្មោះឲ្យដោយអ្នករចនាគ្រឿងអលង្ការជនជាតិកាណាដា Anita Tan ហើយតម្លៃរបស់វានាពេលបច្ចុប្បន្នគឺ ១ លានដុល្លារ។ ដូចទៅនឹងឈ្មោះ Heaven Gold Pen វារចនាឡើងដោយមាសនៅផ្នែកខាងក្នុង ខណៈត្បូងដែលប្រើលំអប៊ិចនេះ គឺពេជ្រ និងត្បូងហ្គ្រីនហ្កានីត (Tsavorite) សរុបប្រមាណ ១ ៨៨៨ គ្រាប់។
3/ Caran D’Ache 1010 Diamonds Limited Edition Fountain Pen
ប៊ិចមួយដើមនេះ គឺជាផលិតផលរបស់ក្រុមហ៊ុន Caran D’Ache មួយទៀត ដែលលើកនេះវាមានតម្លៃទ្វេដងជាមួយនឹងប៊ិចប្រភេទ Gothica។ ប៊ិច 1010 Diamond Fountain គឺត្រូវបានគេប៉ាន់ប្រមាណតម្លៃថា ស្ថិតនៅខ្ទង់ ១ លានដុល្លារ ដោយសាររចនាបថដ៏ប្រណីតរបស់វា។
មិនសូវខុសពីឈ្មោះ ប៊ិចមួយដើមនេះមានការលំអដោយពេជ្រប្រមាណ ៨៥០ គ្រាប់ ខណៈមូលហេតុដែលឈ្មោះប៊ិចគឺ 1010 ក៏ដោយសារពេលបញ្ចប់ការផលិតប៊ិចនេះ ទ្រនិចនាឡិកាបានចង្អុរចំម៉ោង ១០ និង១០ នាទីអធ្រាត្រតែម្ដង។
1/ Aurora Diamante (១,៤៧ លានដុល្លារ)
ប៊ិចថ្លៃបំផុតលើលោក គឺ Aurora Diamante ដែលមានតម្លៃជិត ១,៥ លានដុល្លារ ខណៈដែលអ្នកបង្កើតវាគឺជាក្រុមហ៊ុនអ៊ីតាលីល្បីឈ្មោះ Aurora Pen ដែលបានបង្កើតឡើងនៅឆ្នាំ ១៩១៩។
មូលហេតុដែលប៊ិចនេះមានតម្លៃកប់ពពក ស្ទើរទិញបានរថយន្តប្រណីត Bugatti Veyron មួយគ្រឿង គឺដោយសារវាមានការលំអជាមួយពេជ្រប្រមាណ ២ ០០០ គ្រាប់នៅលើតួនៃប៊ិច៕
ប្រភព: Therichest