ព្រះអង្គម្ចាស់នៃទីក្រុងឌូបៃ Sheikh Hamdan bin Mohamed Bin Rashid Al Maktoum បានឲ្យដឹងនៅលើគណនី Twitter ផ្លូវការរបស់ទ្រង់ថា ទីក្រុងឌូបៃ គ្រោងនឹងរួមបញ្ចូលគ្នា រវាងនាយកដ្ឋានសេដ្ឋកិច្ច និងទេសចរណ៍ ដើម្បីឲ្យក្លាយជាស្ថាប័នតែមួយ ដោយសង្ឃឹមថានឹងអាចទាក់ទាញភ្ញៀវទេសចរ ចំនួន ២៥ លាននាក់ នៅត្រឹមឆ្នាំ ២០២៥ ។
មិនតែប៉ុណ្ណោះ ព្រះអង្គម្ចាស់ Sheikh Hamdan បានបញ្ជាក់បន្ថែមថា លោក Helal Al Marri នឹងត្រូវតែងតាំងជាអគ្គនាយកនៃនាយកដ្ឋានថ្មីមួយនេះ ។
ក្រៅពីនោះ ថា្នក់ដឹកនាំរបស់ទីក្រុងឌូបៃរូបនេះ បាននិយាយថា គោលបំណងសំខាន់ នៃការបង្កើតនាយកដ្ឋានថ្មីនេះ គឺមានដូចជា ចង់បង្កើនតម្លៃបន្ថែមទៀតទៅលើវិស្ស័យឧស្សហកម្ម ក្នុងចំនួន ១៥០% សម្រាប់រយ:ពេល ៥ ខាងមុខ ពង្រីកទីផ្សារនាំចេញក្រៅប្រទេស សម្រាប់ផលិតផលក្នុងស្រុក ឲ្យបានចំនួន ៥០% និង បង្កើនចំនួនភ្ញៀវទេសចរ ឲ្យបាន ៤០% ផងដែរ ។
លោកបានបន្ថែមទៀតថាប្រទេសអារ៉ាប់រួម ក៏ចង់ទាក់ទាញក្រុមហ៊ុនចំនួន ១ សែន ឲ្យចូលមកបណ្តាក់ទុន ក្នុងរយ:ពេល ៣ ឆ្នាំខាងមុខ រួមទាំងបង្កើតព្រឹត្តិការណ៍សេដ្ឋកិច្ចពិភពលោកឲ្យបាន ៤០០ លើកជារៀងរាល់ឆ្នាំ នៅត្រឹមឆ្នាំ ២០២៥ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជន និងអាជីវកម្មលក្ខណ:គ្រួសារ ឲ្យចុះបញ្ជីនៅលើទីផ្សារហិរញ្ញវត្ថុ និងផ្សារហ៊ុន ក្នុងទីក្រុងឌូបៃ៕
ប្រភព: Kelo