កាលពីពេលកន្លងទៅ វីដេអូរដ្ឋមន្ត្រីមួយរូបប្រចាំប្រទេសវៀតណាមកំពុងទទួលទានអាហារនៅភោជនីយដ្ឋានល្បីឈ្មោះមួយកន្លែង ដែលភាគច្រើនគ្រប់គ្នាស្គាល់ថាជា ហាងរបស់ចុងភៅល្បីឈ្មោះ Salt Bae។
លោក To Lam ដែលជារដ្ឋមន្ត្រីសន្តិសុខសាធារណៈត្រូវបានគេប្រទះឃើញកំពុងទទួលទានអាហារយ៉ាងឆ្ងាញ់ពិសារ ខណៈវីដេអូនោះគឺត្រូវបានបង្ហោះទៅលើបណ្ដាញសង្គមដោយហាងផ្ទាល់ តែក៏ត្រូវបានលុបវិញក្រោយបង្ហោះមិនបានប៉ុន្មាន។
យ៉ាងណា ទោះព្យាយាមលុបបែបណា ក៏វីដេអូមួយនោះបានចែកចាយពាសពេញបណ្ដាញសង្គម Facebook និង TikTok របស់វៀតណាមយ៉ាងទូលំទូលាយទៅហើយកាលពីថ្ងៃទី ០៥ វិច្ឆិកាកន្លងទៅ។
វីដេអូមួយនោះផងដែរ បានធ្វើឲ្យប្រជាជនមួយចំនួនធំមានការខឹងសម្បារ និងបង្ហាញការមិនពេញចិត្តជាមួយរដ្ឋមន្ត្រីរូបនេះ ដែលកំពុងសប្បាយជាមួយជីវិតស៊ីវិល័យដោយទទួលទានអាហារថ្លៃៗនៅភោជនីយដ្ឋានល្បីៗឈ្មោះ ខណៈប្រជាជនរបស់ខ្លួនមានចំណូលទាបសឹងមិនស្មើការហូបចុករបស់មន្ត្រីរូបនេះម្ដង។
“ខណៈពេលគ្រប់គ្នាកំពុងជួបបញ្ហាហិរញ្ញវត្ថុដោយសារវិបត្តិកូវីដ ១៩ តែរដ្ឋមន្ត្រីមួយចំនួនបែរជាកំពុងសប្បាយជាមួយនឹងការចាយវាយហ៊ឺហារទៅវិញ”។ នេះបើតាមការបញ្ចេញមតិរបស់ប្រជាពលរដ្ឋម្នាក់។
បើតាមរបាយការណ៍ពីការិយាល័យស្ថិតិទូទៅប្រចាំប្រទេសគឺ ជាមធ្យមប្រជាជនវៀតណាមមានចំណូលប្រចាំខែប្រមាណ ១៨៤$ នៅក្នុងឆ្នាំ ២០២០ ខណៈបើគិតមើលទៅវាស្មើនឹងម្ហូបប្រហែលមួយចាននៅអាហារដ្ឋានល្បីៗនៅតំបន់អឺរ៉ុប។
បញ្ជាក់ដែរថា រឿងរ៉ាវបែបនេះមិនមែនទើបកើតឡើងលើមន្ត្រីធំៗឡើយ ជាក់ស្ដែងកាលពី ៣ ឆ្នាំមុន ប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro ក៏ទទួលរងការរិះគន់ខ្លាំងផងដែរ ពេលលោកកំពុងទទួលទានអាហារនៅហាងរបស់ Salt Bae ដូចគ្នា ខណៈពេលនោះវេណេស៊ុយអេឡាកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ៕
ប្រភព: CNA