អាកាសយានដ្ឋាន Sydney Airport បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានយល់ព្រមលើការដេញថ្លៃទិញយកក្នុងតម្លៃជាង ១៧ ពាន់លានដុល្លារអាមេរិក ពីសំណាក់សម្ព័ន្ធវិនិយោគិនអូស្រ្តាលីមួយ ត្រឹមតែរយ:ពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសអូស្រ្តាលី បានបើកឲ្យទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ។
កិច្ចព្រមព្រៀងនេះបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនសម្ព័ន្ធ Sydney Aviation Alliance បានតំឡើងការដេញថ្លៃរបស់ខ្លួន ដល់ចំនួន ៨,៧៥ ដុល្លារអូស្ត្រាលី ក្នុងមួយហ៊ុន ឬស្មើនឹង ២៣,៦ ពាន់លានដុល្លារអូស្ត្រាលី (១៧,៥ ពាន់លានដុល្លារ) នៃចំនួនហ៊ុនសរុប ដែលបានទិញពីម្ចាស់អាកាសយានដ្ឋាន Sydney Airport បន្ទាប់ពីការផ្តល់ជូនពីមុនរបស់ខ្លួន ក្នុងរយ:ពេលប៉ុន្មានខែថ្មីៗនេះ ត្រូវបានបដិសេធថា មានតម្លៃទាបពេក ។
ប្រធានអាកាសយានដ្ឋានស៊ីដនី លោក David Gonski បាននិយាយថា៖ “សេចក្តីប្រកាសនេះ គឺជាចំណុចកំពូលនៃការចូលរួមចរចាអស់ពេលជាច្រើនខែ រវាងភាគីទាំងអស់។ ក្រុមប្រឹក្សាអាកាសយានដ្ឋានស៊ីដនី Sydney Aviation Alliance ជឿជាក់ថាលទ្ធផលនេះ គឺបានឆ្លុះបញ្ចាំងពីតម្លៃរយ:ពេលវែងសមរម្យសម្រាប់ព្រលានយន្តហោះ” ។
ជម្រាបថា ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីច្រកព្រំដែនអន្តរជាតិរបស់អូស្ត្រាលីបានបើកដំណើរការឡើងវិញ បន្ទាប់ពីបានផ្អាកអស់រយ:ពេលជិត ៦០០ ថ្ងៃ ចាប់តាំងពីប្រទេសនេះ បានដាក់ចេញនូវច្បាប់ដ៏តឹងរ៉ឹងបំផុតមួយ នៅលើពិភពលោក ចំពោះការបិទទ្វារប្រទេស ។
យ៉ាងណា ជនជាតិអូស្រ្តាលី ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ពេញលេញ ឥឡូវនេះអាចធ្វើដំណើរឆ្លងកាត់ទីក្រុងស៊ីដនី និងមែលប៊ន បានដោយសេរីវិញហើយ ពោលគឺពុំចាំបាច់ត្រូវធ្វើចត្តាឡីស័កនោះឡើយ ហើយការផ្លាស់ប្តូរនេះផងដែរ ត្រូវបានគេមើលឃើញថាជាជំហានដំបូង ដែលប្រជាជននៅក្នុងប្រទេសអាចធ្វើដំណើរឡើងវិញជាបណ្តើៗ។
គួរបញ្ជាក់ផងដែរថា ការលក់ព្រលានយន្តហោះនេះ នៅតែស្ថិតនៅក្រោមលក្ខខណ្ឌមួយចំនួន រួមទាំងការវាយតម្លៃពីសំណាក់អ្នកជំនាញឯករាជ្យផងដែរ ។ មិនតែប៉ុណ្ណោះ អ្នកកាន់ភាគហ៊ុនទាំងអស់ ត្រូវបានគេរំពឹងថានឹងពិចារណាកិច្ចព្រមព្រៀងនេះឡើងវិញ នៅក្នុងកិច្ចប្រជុំមួយ ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២២ ដោយ ៧៥ % នៃម្ចាស់ភាគហ៊ុន ចង់ឲ្យកិច្ចព្រមព្រៀងនេះទទួលបានការយល់ព្រម ៕
ប្រភព: Bangkok Post