ហាងអាហារ និងបង្អែមតៃវ៉ាន់ច្រើនជាង ២០ កំពុងស្វែងរកឱកាស ក្នុងការបើកអាជីវកម្មរបស់ខ្លួន នៅឆ្នាំនេះក្នុងប្រទេសថៃ។
ម៉ាកយីហោ ដែលកំពុងត្រៀមបើកសិទ្ធិធ្វើអាជីវកម្មនៅប្រទេសថៃ មានដូចជា Fried Chicken Master , Frozen Heart , មាន់បំពងបែបតៃវ៉ាន់ Monga , Morn Coo Coo , ភោជនីយដ្ឋាន Yu Fu Yuan , I.H Art , Thefeen burger , Tea Top , MR Sun , Presotea និង HWC Roasters ។
យ៉ាងណាសមាគមខ្សែសង្វាក់ និងផ្សព្វផ្សាយប្រេនឆាយតៃវ៉ាន់ បាននិយាយថា៖ “ ប្រទេសថៃបានក្លាយជាប្រទេសដែលមានឱកាស និងសក្ដានុពលខ្ពស់សម្រាប់ការអភិវឌ្ឍស្លាកសញ្ញានៃសង្វាក់ម្ហូបអាហារតៃវ៉ាន់ ” ។
ប្រភពដដែលបានបន្តថា៖ “ការធ្វើនគរូបនីយកម្ម និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស បាននិងកំពុងកើតឡើងក្នុងប្រទេសថៃ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយគំរូអាជីវកម្មលក់រាយបែបថ្មី ត្រូវបានបង្កើតឡើងរួចហើយ នៅក្នុងទីក្រុងធំៗ ” ។
គួរបញ្ជាក់ផងដែរថា យោងទៅតាមស្ថិតិរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា សមាមាត្រនៃប្រជាជនទីក្រុង នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ៥១,៤% ក្នុងឆ្នាំ ២០២០ ពីចំនួន ៣៨,៨% ក្នុងឆ្នាំ ២០០៦ ។
បន្ថែមពីនេះ លោក Sethaphong Phadungpisuth នាយយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាយោបល់ Cnosis Co បាននិយាយថា អត្ថប្រយោជន៍ភូមិសាស្រ្តរបស់ប្រទេសថៃ ដែលមានទីតាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានធ្វើឲ្យប្រទេសនេះ ក្លាយជាកន្លែងដំបូង និងជាជម្រើសទី ១ សម្រាប់ម៉ាកយីហោធំៗរបស់តៃវ៉ាន់ ដែលកំពុងស្វែងរកទីផ្សារ ដើម្បីចូលមកធ្វើអាជីវកម្មរបស់ខ្លួន ៕
ប្រភព: Bangkok Post