ដើម្បីបង្កើនចំណងមិត្តភាពជាមួយកម្ពុជា រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី លោកស្រី ម៉ារីស ផេន បានមកទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ខណៈដែលលោកស្រីក៏បានជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព។
កម្ពុជា និងអូស្រ្តាលី បានចាប់ផ្តើមភ្ជាប់ទំនាក់ទំនងការទូតនៅឆ្នាំ១៩៥២ ដែលគិតមកដល់បច្ចុប្បន្ន អូស្រ្តាលីនៅតែបន្តរក្សាការប្តេជ្ញាយ៉ាងរឹងមាំ ចំពោះការអភិវឌ្ឍរបស់កម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី ម៉ារីស ផេន បានបញ្ជាក់ជាថ្មីនូវការបេ្តជ្ញាចិត្តរបស់អូស្រ្ដាលី ក្នុងការបង្កើនភាពជិតស្និទ្ធជាមួយកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនង ទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។
ក្រឡែកទៅមើល ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-អូស្រ្តាលី ឃើញថាមានការកើនឡើងយ៉ាងឆាប់រហ័ស ពោលគឺក្នុងឆ្នាំ២០២០ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទំហំសរុប ៤៣២.៤លានដុល្លារ កើនឡើង ២១.៦ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ ចំណែកទំនិញអូស្រ្តាលី ដែលនាំចូលមកកម្ពុជា ក្នុងឆ្នាំ២០២០ មានទំហំសរុប ១២១.៤លានដុល្លារ កើនឡើង ៤៣.៥ភាគរយ ធៀបនឹងឆ្នាំ២០១៩។
គួរបញ្ជាក់ថា ដំណើរទស្សកិច្ចផ្លូវការមកបណ្តាប្រទេសក្នុងអាស៊ានរបស់ប្រមុខការទូតអូស្ត្រាលីនេះ ធ្វើឡើងនៅប្រទេសចំនួន៤រួមមាន ម៉ាឡេស៊ី កម្ពុជា វៀតណាម និងឥណ្ឌូនេស៊ី ដោយបានជួបពិភាក្សាអំពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការគាំទ្រការស្តារឡើងវិញក្រោយវិបត្តិកូវីដ១៩៕