ត្រឹម​​កន្លះ​ឆ្នាំ ក្រុមហ៊ុន​អាកាសចរណ៍​ល្បី​ឈ្មោះ Emirates ​បាត់​​ប្រាក់ចំណូល​ជាង ១ ពាន់​លាន​ដុល្លារ

អន្តរជាតិ

ក្រុមហ៊ុន​អាកាសចរណ៍​ Emirates បាន​ប្រកាស​ពីការ​ខាតបង់​ចំណូល​ប្រមាណ ១,៦ ពាន់​លាន​ដុល្លារ ត្រឹម​រយៈ​ពេល ៦ ខែ​នៃ​ឆ្នាំ​នេះ ហើយ​បច្ចុប្បន្ន​ស្ថានភាព​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​កំពុង​ឈរ​លើ​បន្ទាត់​ក្រហម ដោយសារ​វិបត្តិ​កូវីដ ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា បើ​និយាយ​ពី​ចំណូល​ប្រចាំ​ឆ្នាំ​វិញ គឺ​មាន​ការ​កើនឡើង​ដល់​ទៅ ៨៦% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ទៅ ពោល​កាលពី​ឆ្នាំទៅ ក្រុមហ៊ុន​ទទួល​បាន​ចំណូល​ត្រឹម ៣,៤ ពាន់​លាន​ដុល្លារ ខណៈ​ឆ្នាំ​នេះ​កើនដល់ ៥,៩ ពាន់​លាន​ដុល្លារ។

ដោយឡែក​នាយក​ប្រតិបត្តិ Sheikh Ahmed bin Saeed Al Maktoum បាន​និយាយ​ទៅ​កាន់​បណ្ដាញ​សារព័ត៌មាន​ថា៖ “ស្ថានភាព​នៃ​ក្រុមហ៊ុន​ហាក់​ងើបឡើង​បន្តិច ក្រោយ​ប្រទេសខ្លះ​ចាប់ផ្ដើម​បន្ធូរបន្ថយ​ច្បាប់​រឹត​បន្តឹង​។ ដូច្នេះ​តម្រូវការ​ជើង​ហោះហើរ​ចាប់ផ្ដើម​​មាន​សន្ទុះ​ឡើង​វិញ​បន្តិចម្ដងៗ តាំងពី​រដូវក្ដៅ និង​បន្ត​រហូត​ដល់​រដូវរងា ឬអាច​លើស​នេះ​ក៏​ថាបាន។ យ៉ាងណា​ពួកយើង​នៅ​តែ​ស្ថិត​នៅ​ដំណាក់កាល​យ៉ាប់យ៉ឺន​នៅឡើយ បើ​ធៀប​ទៅ​នឹង​សម័យកាល​មុន​មាន​បញ្ហា​រាតត្បាត។ តែ​បច្ចុប្បន្ន​ពួកយើង​កំពុង​ដើរ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ការ​កែប្រែ​ស្ថានការណ៍​ឡើង​វិញ​ហើយ”។

បញ្ជាក់​ដែរ​ថា កាលពី​ខែ​មិថុនា​កន្លង​ទៅ Emirates ដែល​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​បំផុត​នៅ​តំបន់​មជ្ឈិមបូព៌ា​ បាន​ប្រកាស​ពី​ការ​ខាតបង់​ចំណូល​មិនធ្លាប់​មាន​ក្នុង​រយៈពេល ៣ ទសវត្ស​ចុងក្រោយ ដោយសារ​វិបត្តិ​កូវីដ ១៩ ដែល​បណ្ដាល​ឲ្យ​វិស័យ​អាកាសចរ​ជួប​ហានិភ័យ​មិន​ធ្លាប់​មាន។

ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ឌូបៃ បាន​អះអាង​ដែរថា ពួកគេ​អាច​ឈរជើង​ទប់ទល់​នឹង​ស្ថានការណ៍​មក​ទល់ពេលនេះ ក៏​ដោយសារ​មាន​ជំនួញ​ពី​មេធំ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន បាន​បញ្ចេញ​កញ្ចប់​ថវិកា​ប្រមាណ ៣,១ ពាន់​លាន​ដុល្លារ​ដើម្បី​ទប់ទល់​ស្ថានការណ៍​កន្លង​ទៅ​ដែរ៕

ប្រភព: CNA