សួរអស់រយៈពេលច្រើនម៉ោង តុលាការសម្រេចដោះលែង ឧកញ៉ា លី សាយឃាង ឱ្យនៅក្រៅឃុំ

ជុំវិញ​ឧកញ៉ា

បន្ទាប់ពីចៅក្រមសាកសួរអស់រយៈពេលច្រើនម៉ោង នៅយប់ថ្ងៃទី១០ ខែវិច្ឆិកា វេលាម៉ោងប្រមាណជិត ៨ យប់នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការដោះលែងឧកញ៉ា លី សាយឃាង ឱ្យនៅក្រៅឃុំ តែតម្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួររម្លឹកថា លោក សេង លាង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ បានចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​ឧកញ៉ា លី សាយ​ឃាង ក្រោម​ការចោទប្រកាន់​ពីបទ ” បទ​រំលោភ​លើ​ទំនុកចិត្ត និង​បទ​បរិហារកេរ្ដិ៍​ជា​សាធារណៈ”។​

បើ​យោងតាម​សំណុំរឿង​ស៊ើបសួរ​លេខ ៣៦៥០ ចុះ​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ដែល​ទាក់ទង​នឹង​ជន​ត្រូវ​ចោទ​ឈ្មោះ លី សាយ​ឃាង ភេទ​ប្រុស អាយុ៥៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពាណិជ្ជករ ដែលបានពាក់ព័ន្ធ​នឹង​ករណីរំលោភ​លើ​ទំនុកចិត្ត និង​បរិហារកេរ្ដិ៍​ជា​សាធារណៈ ប្រព្រឹត្ត​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ​, សង្កាត់​និមិត្ត និង​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​អំឡុង​ឆ្នាំ២០១៨ និង​អំឡុង​ឆ្នាំ២០១៩ បទល្មើស​ដែលមាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា ៣៩១ មាត្រា ៣៩២ និង​មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

បើតាមដីកាបង្គាប់ឲ្យនាំខ្លួន បានបញ្ជាក់ថា ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទឈ្មោះ លី សាយឃាង មកចំពោះចៅក្រមស៊ើបសួរ ដើម្បីធ្វើការសាកសួរបំភ្លឺការពិត និងបង្គាប់មកកងកម្លាំងសាធារណៈឱ្យចាប់ និងនាំខ្លួនឈ្មោះខាងលើនេះមកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធី។

នៅថ្ងៃពុធនេះ ឧកញ៉ា លី សាយឃាង បានចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីចូលខ្លួនហើយ សមត្ថកិច្ចខេត្តសៀមរាបបានបញ្ជូនលោកឧកញ៉ា មកកាន់រាជធានីភ្នំពេញ នារសៀលថ្ងៃទី ១០ ខែវិច្ឆិកា នេះតែម្តង។ សំណុំរឿងបានដល់ដៃចៅក្រមស៊ើបសួរ ដោយបានសាកសួរអស់រយៈពេលច្រើនម៉ោង ទើបសម្រេចដោះលែងឧកញ៉ា លី សាយឃាង តែដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៕