ក្រុមហ៊ុន​ PTT ថៃ ចុះកុងត្រា​ជាមួយ​ក្រុមហ៊ុន​ផលិត​យានយន្ត​អគ្គិសនី​ចិន

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន​ថាមពល​ធំ​បំផុត​មួយ​ប្រចាំ​ប្រទេស​ថៃ​គឺ PTT Plc និង​ក្រុមហ៊ុន​ផលិត​យានយន្ត​អគ្គិសនី​ចិន​ Hozon បាន​ចុះ​កិច្ចសន្យា​យល់ព្រម​ពង្រីក​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ។ នេះ​បើតាម​ការ​ដកស្រង់​សម្ដី​របស់​ក្រុមហ៊ុន​ទាំងពីរ​​កាលពី​ថ្ងៃ​ពុធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចសន្យា​នោះ​គឺ​អនុញ្ញាត​ឲ្យ​មាន​ការ​ចែកចាយ​យានយន្ត​របស់​ក្រុមហ៊ុន Hozon ស្របពេល​ជាមួយ​គ្នា​នោះ ក៏​ស្វែងរក​ឱកាស​ទីផ្សារ​ដើម្បី​សាងសង់​រោងចក្រ​ផលិត​ជាមួយ​ក្រុមហ៊ុន PTTនិង Foxconn នៅ​ក្នុង​ប្រទេស​តែម្ដង។

បញ្ជាក់​ដែរថា PTT គឺ​មាន​ចំណែក​ភាគហ៊ុន ៥១,១% ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ខណៈ​កាលពី​ខែកញ្ញា​កន្លង​ទៅ​ ក្រុមហ៊ុន​មួយ​នេះ​ក៏​បាន​ប្រកាស​ពី​សេចក្ដី​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​តៃវ៉ាន់ Foxconn សម្រាប់​ការ​បង្កើត​រោងចក្រ​ផលិត​យានយន្ត​អគ្គិសនី​នៅ​ក្នុង​ប្រទេសថៃ​ផងដែរ។

ប្រទេស​ថៃ​គឺជា​មជ្ឈមណ្ឌល​ដំឡើង និង​នាំចេញ​រថយន្ត​ធំ​ជាងគេ​ទី​បួន​របស់​អាស៊ី ក៏ដូច​ជា​មូលដ្ឋាន​ផលិតកម្ម​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​កំពូល​ដូចជា​ Toyota និង Great Wall Motor របស់​ចិន​ជាដើម។

លើសពីនេះ រដ្ឋាភិបាល​បាន​កំណត់​គោលដៅ​ថា 30% នៃ​ផលិតកម្ម​រថយន្ត​ក្នុងស្រុក​នឹង​ក្លាយជា​រថយន្ត​អគ្គិសនី​នៅ​ឆ្នាំ ២០៣០។

រំលឹក​ដែរ​ថា ផែនការ​ផ្លាស់ប្ដូរ​ឲ្យ​មាន​ការ​ប្រើប្រាស់​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​គឺ ចក្ខុវិស័យ​ថ្មី​មួយ​របស់​ក្រុមហ៊ុន PTT ក្នុង​ការ​ពង្រីក​វិសាលភាព​នៃ​អាជីវកម្ម​របស់​ពួកគេ និង​គាំទ្រ​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ផង​ដែរ។

កន្លង​មក PTT ធ្លាប់​បាន​ប្រកាស​ថា មាន​គម្រោង​ចង់​បោះទុន ១ ទៅ ២ ពាន់​លាន​ដុល្លារ​សម្រាប់​រយៈពេល ៦ ឆ្នាំ​បន្ទាប់​ទៅលើ​វិស័យ​ផលិតកម្ម​យានយន្ត​អគ្គិសនី ជាមួយ​នឹង​សង្វាក់​ផលិតកម្ម​ប្រមាណ ៥ ម៉ឺន​គ្រឿង​ក្នុង​មួយឆ្នាំ៕

ប្រភព: bangkokpost