កម្ពុជា ក៏ដូចជាបណ្តាប្រទេសមួយចំនួន បានប្រកាន់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី មានន័យថា ប្រជាពលរដ្ឋគ្រប់គ្នាអាចចូលរួមសកម្មភាព នៃការជួញដូរបានដោយសេរី គ្មានការលូកដៃ ឬកំណត់ថ្លៃដោយរដ្ឋាភិបាល ប៉ុន្តែត្រូវប្រាកដថា ការប្រកបអាជីវកម្មត្រូវតែមានការប្រកួតប្រជែង ប្រកបដោយសុចរិតភាព និងភាពស្មោះត្រង់។
បើតាមក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ គឺជាអំពើនៃការប្រកួតប្រជែងណាដែលផ្ទុយពីគោលការណ៍នៃការអនុវត្តទៀងត្រង់ នៅក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ត្រូវចាត់ទុកថា ជាការប្រកួតប្រជែងដោយមិនស្មោះត្រង់។
ក្នុងមាត្រា ២៣ នៃច្បាប់ស្ដីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ បានបញ្ញត្តិថា រាល់ទង្វើទាំងឡាយដូចមានរៀបរាប់ខាងក្រោមនេះត្រូវចាត់ទុកថា បានបង្កើតនូវអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់៖
១៖ ការបង្កើតឱ្យមានការភ័ន្តច្រឡំតាមមធ្យោបាយណាមួយ ជាមួយសហគ្រាស ជាមួយទំនិញ ឬជាមួយសកម្ម ភាពឧស្សាហកម្ម ពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង។
២៖ ការពោលអះអាងមិនត្រឹមត្រូវក្នុងពាណិជ្ជកម្ម ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ សហគ្រាស ទំនិញ ឬសកម្មភាពឧស្សាហកម្ម ពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង។
៣៖ ការបញ្ជាក់ ឬការពោលអះអាងដែលបានប្រើប្រាស់នៅក្នុងពាណិជ្ជកម្ម ហើយដែលអាចធ្វើឱ្យសាធារណជនភ័ន្តច្រឡំ អំពីប្រភេទដំណើរការផលិត លក្ខណៈ ភាពសមស្រប សំរាប់គោលបំណងរបស់គេ ឬបរិមាណនៃទំនិញ។
ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកឧទាហរណ៍បញ្ជាក់ថា៖ លោក «ក» ជាម្ចាស់អាជីវកម្មលក់ផលិតផល ប្រភេទ «A» ដែលបានបង្កើត និងបានយកម៉ាកនោះទៅចុះបញ្ជីត្រឹមត្រូវទៅតាមច្បាប់រួចហើយ តែលោក «ខ» ឃើញផលិតផល ប្រភេទ «A» មានអ្នកនិយមប្រើប្រាស់ច្រើន លោក «ខ» ក៏បានបង្កើតផលិតផលចម្លងតាម លោក «ក» ទាំងស្ទើរទាំងស្រុង ដែលនាំឱ្យមានការភ័ន្តច្រឡំយកទៅធ្វើអាជីវកម្មផ្ទាល់ខ្លួន។ ពោលសកម្មភាពរបស់លោក«ខ» គឺជាការប្រកបអាជីវកម្ម ដែលមានលក្ខណៈប្រកួតប្រជែងមិនស្មោះត្រង់។
យោងតាមស្មារតីមាត្រា ៦៥ នៃច្បាប់ស្ដីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ជនណាដែលបានធ្វើសកម្មភាពដូចខាងក្រោម៖
* ការបង្កើតឱ្យមានការភ័ន្តច្រឡំតាមមធ្យោបាយណាមួយ ជាមួយសហគ្រាស ជាមួយទំនិញ ឬ ជាមួយសកម្មភាពឧស្សាហកម្ម ពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង
* ការពោលអះអាងមិនត្រឹមត្រូវក្នុងពាណិជ្ជកម្ម ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ សហគ្រាស ទំនិញ ឬសកម្មភាពឧស្សាហកម្ម ពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង
* ការបញ្ជាក់ ឬការពោលអះអាងដែលបានប្រើប្រាស់នៅក្នុងពាណិជ្ជកម្ម ហើយដែលអាចធ្វើឱ្យសាធារណជនភ័ន្តច្រឡំ អំពីប្រភេទ ដំណើរការផលិត លក្ខណៈ ភាពសមស្រប សម្រាប់គោលបំណងរបស់គេ ឬបរិមាណនៃទំនិញ នឹងត្រូវផ្ដន្ទាទោស ពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ដល់ ១០.០០០.០០០ (ដប់លាន) រៀល និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ដល់ ១ (មួយ) ឆ្នាំ ឬទោសណាមួយនៃទោសទាំងពីរនេះ។
សរុបមកអំពើនៃការប្រកួតប្រជែងណា ដែលផ្ទុយពីគោលការណ៍នៃការអនុវត្តទៀងទាត់ នៅក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ត្រូវចាត់ទុកថាជាការប្រកួតប្រជែងមិនស្មោះត្រង់ និងដើម្បីការពារនូវពាណិជ្ជនាមក្រុមហ៊ុន ឬសហគ្រាស ដែលជាស្នាដៃរបស់ខ្លួនបាន ម្ចាស់ក្រុមហ៊ុន ឬម្ចាស់សហគ្រាស ចាំបាច់ត្រូវយកពាណិជ្ជនាមដែលខ្លួនបានបង្កើតឡើង ទៅចុះបញ្ជីពាណិជ្ជនាមនៅក្រសួងពាណិជ្ជកម្ម ចៀសវាងនូវការរំលោភបំពានដោយធ្វើការប្រកួតប្រជែងអាជីវកម្មមិនស្មោះត្រង់ ពីសំណាក់ដៃគូ ឬជនខិលខូច ក្នុងកាលៈទេសៈណាមួយជាយថាហេតុ៕
ប្រភព៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ