សហគ្រិនកាន់ងារឧកញ៉ា ៣រូប បោះទុនវិនិយោគលើវិស័យចម្រៀង​នៅ​ប្រទេស​កម្ពុជា

ជុំវិញ​ឧកញ៉ា

​ការវិនិយោគ​លើ​វិស័យ​​ចម្រៀង​បច្ចុប្បន្ន​ផ្ដោត​លើ​ការ​ផលិត​​ចម្រៀង​​បែប​សម័យ​ថ្មី ខណៈដែលការ​ផលិត​ចម្រៀង​​បែប​​សម័យ​ទំនើប​នេះ នឹង​ទទួល​បាន​ផល​ចំណេញ​ដោយសារ​តែ​មាន​ការ​គាំទ្រ​ពី​ស្រទាប់​​យុវវ័យ​ច្រើន បើ​ធៀប​នឹង​មនុស្ស​វ័យ​កណ្ដាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បទចម្រៀងចេញនៅលើទីផ្សាររបស់ផលិតកម្មនីមួយៗ ឃើញថាមានអ្នកគាំទ្រច្រើនពីមហាជន ប៉ុន្តែការ​វិនិយោគ​លើ​វិស័យ​ចម្រៀង​នៅ​ប្រទេស​កម្ពុជា​ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ទទួល​ផល​ចំណេញ​​ត្រឡប់​មក​វិញ។ ក្រៅ​ពី​កត្តា​លួច​ចម្លង​ស្នាដៃ​អ្នក​​និពន្ធ ក៏​មាន​​កត្តា​​ផ្សេង​ទៀត​ដែល​ធ្វើ​ការ​វិនិយោគ​លើ​វិស័យ​ចម្រៀង​ទទួល​បរាជ័យ​ដែរ។

ការពិត ការ​វិនិយោគវាទាមទារឲ្យមាន​ធនធាន​ហិរញ្ញវត្ថុជាចាំបាច់។ ប៉ុន្តែបើទោះជួបព្យុះផ្គរភ្លៀងយ៉ាងណាក៏ដោយ កូនខ្មែរដែលវិនិយោគលើវិស័យចម្រៀងនៅតែតស៊ូក្រាញ់ននាលក្នុងការលើកស្ទួយ និង​បង្ហាញ​ពី​ពណ៌​​​សម្បុរ​ជាតិ​សាសន៍​​របស់​ជាតិ​ខ្លួន​ឯងទៅកាន់ពិភពលោក។

ក្នុងចំណោមកូនខ្មែរច្រើនរូប ដែលកំពុងរកស៊ីលើវិស័យចម្រៀងនៅប្រទេសកម្ពុជា គេហទំព័រឧកញ៉ាញូស៍ សូមមិនលើកមកបង្ហាញទាំងអស់នោះទេ ដោយគ្រាន់តែបើកកាយឲ្យស្គាល់នូវសហគ្រិនឆ្នើម ៣ រូប កាន់គោរមងារអ្នកឧកញ៉ា-ឧកញ៉ា ហើយបាននឹងកំពុងវិនិយោគក្នុងទីផ្សារចម្រៀងល្បីឈ្មោះនាពេលបច្ចុប្បន្ននេះ។

១.លោកឧកញ៉ា អ៊ឹង ឆៃងួន

លោកជាសហគ្រិនជើងចាស់ ដែលផ្តើមចេញពីការជួលកាសែតវីដេអូមួយកេះតូចដឹកនាំតាមកង់ក្នុងអំឡុងទស្សវត្សទី ៨០។ លោកជាម្ចាស់ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនហង្សមាសវីដេអូ ដែលលោកបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដើម្បីផលិតវីដេអូ ចម្រៀង និងសិល្បៈក្នុងស្រុក។

ការវិវត្តឥតឈប់ផលិតកម្មដែលមានអាយុកាលវែងជាងគេរបស់ឧកញ៉ា អ៊ឹង ឆៃងួន នៅតែបន្តវិនិយោគទៅលើស្ថានីយ៍ទូរទស្សន៍ ហង្សមាស HDTV នៅក្នុងឆ្នាំ២០១២ និងបន្តបើកស្ថានីយ៍ថ្មីមួយទៀត គឺប៉ុស្តិ៍ទូរទស្សន៍រស្មីហង្សមាស HDTV ក្នុងឆ្នាំ២០១៤។

គិតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនហង្សមាសគ្រុប គ្រប់គ្រងទៅលើ ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV ប៉ុស្តិ៍វិទ្យុហង្សមាស និងរស្មីហង្សមាស ផលិតកម្មភាពយន្តរស្មីហង្សមាស ផលិតកម្ម Phleng Records និងផលិតកម្ម WE ជាមួយនឹងអ្នកពិន្ធ តារាចម្រៀងល្បីៗ ព្រមទាំងអ្នកដឹកនាំផលិតសុទ្ធតែខ្លាំងៗ។

២.អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

មុន​ទទួល​បាន​ជោគជ័យ​ក្នុង​ជំនួញ​ដូច​បច្ចុប្បន្ន លោក​បាន​ហែរ​ឆ្លង​ការ​លំបាក​មិន​តិច​ឡើយ។ លោកជាពាណិជ្ជករអចលនទ្រព្យវ័យក្មេងម្នាក់ ទទួលបានភាពជោគជ័យយ៉ាងសំបើងនៅទស្សវត្សរ៍ទី ២១នេះ។ លោកទើបតែហក់ប្រឡូកក្នុងវិស័យដីធ្លីប្រមាណជាង ១០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមុខជំនួញរបស់លោកមានការកាក់កប់ និងរីកចំរើនឡើងឥតឈប់ឈរ។

ដោយសារតែនិស្ស័យជាអ្នកស្រឡាញ់ខ្លាំងលើវិស័យសិល្បៈផលិតបទចម្រៀងតាំងពីក្មេងផងនោះ លោក​ក៏ចាប់ផ្ដើមគិតគូរបំពេញក្ដីស្រមៃរបស់ខ្លួនដោយចាប់ផ្ដើមបង្កើតផលិតកម្មកម្សាន្តជីឌីថល Galaxy Navatra ។ បច្ចុប្បន្នផលិតកម្មរបស់អ្នកឧកញ៉ាមានគ្រាប់ពូជសំខាន់ៗផ្នែកចម្រៀង មានចំនួន ៣ នាក់ ដូចជា លោក ព្រាប សុវត្ថិ កញ្ញា តន់ ច័ន្ទសីម៉ា និងលោក ខេម ដែលពេលបច្ចុបន្នកំពុងល្បីល្បាញមកឲ្យផលិតកម្ម Galaxy Navatra

អ្នកឧកញ៉ា ជាអគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប ដែលក្រោបដណ្តប់ដោយបណ្តុំអាជីវកម្មជាច្រើនវិស័យ រួមមាន៖ ផលិតកម្ម Galaxy Navatra, ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា, ក្រុមហ៊ុន ជីអេសអឹម ឡេងណាវ៉ាត្រា ខូសមេទិក, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឡេង​វ៉ាត្រា Capital PLC និងគម្រោងទីក្រុងរណបជាច្រើនកន្លែងផ្សេងទៀត។

៣.លោកជំទាវឧកញ៉ា ជួប មាន

សហគ្រិនស្រ្តីដ៏គួរឲ្យគោរព និងប្រកបដោយទេពកោសល លោកជំទាវជាអគ្គនាយិកាក្រុមហ៊ុន ថោន គ្រុប ដែលកំពុងធ្វើការនៅក្នុងវិស័យខ្សែភាពយន្ត ទូរទស្សន៍ ក្លឹបកម្សាន្ត ផលិតបទចម្រៀង និងស្ថានីយ៍វិទ្យុ។ លោកជំទាវបានបោះទុនទ្ទង់លានដុល្លារ ដើម្បីវិនិយោគផលិតកម្ម ទីក្រុងភាពយន្ត ឬ Twon Production ស្ថិតក្នុងចំណោមអ្នកផលិតបទចម្រៀងល្បីឈ្មោះមួយនៅប្រទេសកម្ពុជា។

ផលិតកម្ម ថោន ត្រូវបានមើលឃើញថា ជាផលិតកម្មផលិតបទម្រៀងដែលកំពុងឈរជើងជាមួយនឹងភាពល្បីល្បាញរបស់ខ្លួននាពេលបច្ចុប្បន្ន ខណៈផលិតកម្មបានចំណាយធនធានហិរញ្ញវត្ថុជាច្រើនម៉ឺនដុល្លារ សម្រាប់ការផលិតចម្រៀងឲ្យដើរទាន់ទីផ្សារ។ កម្មវិធី ដូច្នឹងផង! របស់ទូរទស្សន៍ថោនលេចចេញមកឃើញថាមានការគាំទ្រខ្លាំងពីទស្សនិកជន។

កាលនោះ ស្ថានីយ៍ ក៍រៀបចំបង្ហាញស្នាដៃខ្សែភាពយន្តចំនួន២រឿង ជារឿងភាគដែលជាស្នាដៃរបស់អ្នកស្រីពាន់ភួងបុប្ឋាគឺរឿង”សម្បត្តិបុរស” និងរឿង”រៃមាស” ដែលបានឆក់អារម្មណ៍អ្នកទស្សនា ស្របពេលរឿងទាំង២នេះ ឆ្លុះបញ្ចាំងពីសង្គមខ្មែរហើយតួសម្តែង ក៏សម្រាំងយកទេពកោសល្យទៀតផង៕