នាយកប្រតិបត្តិក្រុមហ៊ុន Tesla Inc លោក Elon Musk បានលក់ភាគហ៊ុន Tesla អស់ជិត ៥ ពាន់លានដុល្លារ។ នេះបើយោងតាមឯកសារហិរញ្ញវត្ថុមួយ បានចេញផ្សាយកាលពីពេលថ្មីៗ។ ទោះយ៉ាងណា មហាសេដ្ឋីសញ្ជាតិអាមេរិករូបនេះ នៅតែកាន់កាប់ភាគហ៊ុនច្រើនជាង ១៦៦ លានហ៊ុនទៀត ។
ចាប់តាំងពីមានការលក់ភាគហ៊ុនលើកដំបូងរបស់គាត់ នៅក្នុងឆ្នាំ ២០១៦ មក រហូតដល់ពេលនេះ Musk បានលក់ភាគហ៊ុនជិត ៣,៦ លានហ៊ុនរួចមកហើយ នៅក្នុងក្រុមហ៊ុន Tesla ដែលមានតម្លៃប្រហែល ៤ ពាន់លានដុល្លារ ហើយគាត់ក៏បានបន្តលក់ភាគហ៊ុនចំនួន ៩៣៤ ០០០ ផ្សេងទៀត នៅក្នុងតម្លៃ ១,១ ពាន់លានដុល្លារ បន្ទាប់ពីទទួលបានសិទ្ធិពិសេស ក្នុងការរក្សាទុកជិត ២,២ លានហ៊ុន ។
យ៉ាងណាលោក Musk បានសម្រេចលក់ភាគហ៊ុនទាំងនេះ ដើម្បីជាផ្នែកមួយក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋាភិបាល ទាក់ទងទៅនឹងការអនុវត្តលើជម្រើសភាគហ៊ុនដែលមាននៅក្នុងដៃ ។
នៅមុនពេលផែនការលក់នោះ ត្រូវបានផ្សព្វផ្សាយជាសារធារណ: លោក Musk បានស្នើសុំឲ្យអ្នកតាមដាន (Followers) ចំនួន ៦២,៥ លាននាក់ នៅលើ Twitter របស់គាត់ ធ្វើការបោះឆ្នោតនៅក្នុងការស្ទង់មតិក្រៅផ្លូវការមួយ ជុំវិញការលក់ភាគនៅក្នុងក្រុមហ៊ុន Tesla របស់លោក ដើម្បីបង់ពន្ធជូនរដ្ឋ ។ ខណ:ឯកសារបង្ហាញទៀតថា តាមពិតទៅ លោក Musk បានដឹងរួចហើយថា គាត់នឹងគ្រោងលក់ភាគហ៊ុនខ្លះ នៅក្នុងសប្តាហ៍នេះ ។
បន្ទាប់ពីមានការស្ទង់មតិនៅលើ Twitter ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះច្រើនជាង ១៥% នៅថ្ងៃចន្ទ និងអង្គារ មុនពេលបានស្ទុះងើបឡើងវិញ ច្រើនជាង ៤% នៅថ្ងៃពុធ ។
គួរបញ្ជាក់ផងដែរថា សមាជិកក្រុមប្រឹក្សាភិបាលបច្ចុប្បន្ន លោក Robyn Denholm និងអតីតសមាជិកក្រុមប្រឹក្សាភិបាល លោក Kimbal Musk ដែលជាប្អូនប្រុសលោក Elon Musk រួមទាំងលោក Ira Ehrenpreis និង Antonio Gracias បានដកភាគហ៊ុននៅក្នុងក្រុមហ៊ុន Tesla អស់រាប់រយលានដុល្លារ ចាប់តាំងពីថ្ងៃទី ២៨ ខែតុលា នៅពេលដែលទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន បានកើនឡើងលើសពី ១ ទ្រីលានដុល្លារ ។
ហើយនៅក្នុងចំណោមការលក់ភាគហ៊ុនខាងលើ គឺមានតែលោក Kimbal Musk ប៉ុណ្ណោះ ដែលមិនត្រូវបានចុះបញ្ជី10b5 ឬជាការលក់ដែលបានគ្រោងទុក ។ រំលឹកថាលោក Kimbal Musk បានលក់ភាគហ៊ុនរបស់គាត់ប្រហែល ១០៩ លានដុល្លារ ក្នុងរយ:ពេលត្រឹមតែមួយថ្ងៃ មុនពេលការស្ទង់មតិនៅលើ Twitter របស់លោក Elon Musk ៕
ប្រភព: NBC