នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានជួបពិភាក្សាជាមួយលោក RICHARD QIAO ដែលជាប្រធានតំបន់សន្តិសុខសាធារណៈ នៃក្រុមជំនួញសហគ្រាសអាស៊ីអាគ្នេយ៍ និងជាតំណាងក្រុមហ៊ុន HUAWEI នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងឱកាសនោះ ក្រុមហ៊ុន HUAWEI បានបង្ហាញគម្រោង E-Police និងការងារសន្តិសុខចរាចរណ៍ជាមួយលោកអគ្គស្នងការរងនគរបាលជាតិ ក្នុងការបំពាក់កាមេរ៉ាសុវត្ថិភាព នៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានសង្កត់ធ្ងន់ឲ្យក្រុមអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន HUAWEI និងអ្នកបច្ចេកទេសរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សិក្សាលើកគម្រោងចេញជាទីបញ្ជាការជាកញ្ចប់តែម្តង ដែលក្នុងនោះរួមមានសម្ភារៈបច្ចេកទេសបំពាក់ក្នុងទីបញ្ជាការ ,សម្ភារៈបច្ចេកទេសសម្រាប់ដាក់តាមគោលដៅ នីមួយៗសម្រាប់ត្រួតពិនិត្យ។
លោកបន្តថា កាមេរ៉ាដែលបំពាក់ត្រូវតែធានាលើគុណភាព និងប្រសិទ្ធភាពដែលអាចទាញជិតទាញឆ្ងាយបាន, អាចផ្ទុកទិន្នន័យបាន ដែលមិនត្រឹមតែធានាលើការត្រួតពិនិត្យចរាចរណ៍នោះទេ ជាពិសេស គឺអាចបម្រើឲ្យការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានទៀតផង៕
អត្ថបទ និងរូបថត៖ អគ្គស្នងការដ្ឋាននគរបាលជាតិ