កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលប្រទេសម៉ាឡេស៊ីបានប្រកាសជាផ្លូវការថា នឹងបើកច្រកព្រំដែនសម្រាប់ត្រៀមស្វាគមន៍ក្រុមទេសចរណ៍អន្តរជាតិយូរបំផុតនៅថ្ងៃទី ១ មករា ២០២២ ដើម្បីស្រោចស្រង់ស្ថានការណ៍វិស័យទេសចរណ៍របស់ពួកគេ។
ជាក់ស្ដែង ប្រទេសជិតខាងផ្សេងៗបានប្រកាសបើកច្រកព្រំដែន និងបន្ធូរបន្ថយច្បាប់ចត្តាឡឺស័កនានា ដើម្បីពង្រឹងស្ថានការណ៍សេដ្ឋកិច្ចជាតិរៀងៗខ្លួន ហើយវាគួរតែដល់ពេលដែលម៉ាឡេស៊ីចាប់ផ្ដើមបើកប្រទេសដូចគ្នា ដ្បិតប្រជាជនប្រមាណ ៣២ លាននាក់សុទ្ធតែទទួលបានការចាក់វ៉ាក់សាំងរួចរាល់។
អតីតនាយករដ្ឋមន្ត្រី Muhyiddin Yassin បច្ចុប្បន្នកំពុងដឹកនាំអង្គប្រជុំសម្រាប់ផែនការស្រោចស្រង់សេដ្ឋកិច្ចជាតិបានអះអាងទៅកាន់សារព័ត៌មានថា ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិគឺមានសភាពយឺតខ្លាំង ប្រសិនបើមិនមានកត្តាជំរុញពីវិស័យទេសចរណ៍អន្តរជាតិ។
ប្រភពដដែលបន្ថែមថា បើទោះជាប្រកាសបើកច្រកព្រំដែនក៏ពិតមែន តែម៉ាឡេស៊ីនៅប្រកាន់ខ្ជាប់នូវច្បាប់ចត្តាឡឺស័កដដែល ដោយរឹតបន្តឹងតាំងពីការឆ្លងដែន ដល់ការធ្វើដំណើរក្នុងស្រុក។
យ៉ាងណា សម្រាប់កាលបរិច្ឆេទច្បាស់លាស់នៅមិនទាន់ប្រកាសនៅឡើយ ដ្បិតត្រូវរង់ចាំការសម្រេចពីក្រសួងសុខាភិបាល និងអង្គការការពារសន្តិសុខផ្សេងៗជាមុនសិន។
បញ្ជាក់ដែរថា ថ្មីៗនេះរដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសពីគម្រោងសហការជាមួយរដ្ឋាភិបាលសិង្ហបុរី សម្រាប់ការធ្វើដំណើររវាងប្រទេសទាំង ២ នេះដោយមិនចាំបាច់តម្រូវឲ្យមានការធ្វើចត្តាឡឺស័ក។ មានន័យថា ប្រជាពលរដ្ឋនៃប្រទេសទាំង ២ នេះ គឺអាចធ្វើដំណើរឆ្លងដែនបានដូចធម្មតា ខណៈប្រទេសឥណ្ឌូណេស៊ីក៏បានព្រមព្រៀងធ្វើសេចក្ដីអនុគ្រោះបែបនេះដូចគ្នា៕
ប្រភព: bangkokpost