ថ្លែងសុន្ទរកថាក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្តីការប្រែប្រួលអាកាសធាតុលើកទី២៦ (COP26) នៅទីក្រុង Glasgow ប្រទេសស្កុតលែន កាលពីថ្ងៃពុធ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជាបង្កើតកញ្ចប់ថវិកាលើការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសច្រើនជាងមុនបីដងក្នុងរយៈពេល៥ឆ្នាំកន្លងមក ដោយសម្រេចបាន២%នៃផលិតផលក្នុងស្រុកសរុប។ លោកថា កម្ពុជាក៏បានដាក់ប្រតិបត្តិការគម្រោងផលិតអគ្គិសនីពីថាមពលព្រះអាទិត្យចំនួន៤០០មេហ្គាវ៉ាត់ផងដែរ ដែលអាចផ្គត់ផ្គង់១៥%នៃថាមពលប្រើប្រាស់ក្នុងស្រុក។
លោកបន្តថា៖ “យើងសូមអំពាវនាវដល់បណ្តាប្រទេសអភិវឌ្ឍន៍ឲ្យពង្រឹងការរួមចំណែកនៅក្នុងយន្តការហិរញ្ញវត្ថុ និងសម្រួលការទទួលបានហិរញប្បទានដោយផ្ទាល់បន្ថែម។ បើមិនដូច្នេះទេ ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព សមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយ និងការអភិវឌ្ឍក្នុងកម្រិតបញ្ចេញកាបូនទាប នៅតាមបណ្តាប្រទេសអភិវឌ្ឍន៍ គឺគ្រាន់តែជាការនិយាយតែប៉ុណ្ណោះ”។
លោក សាយ សំអាល់ ថ្លែងក្នុងសម្តីដើមថា៖ “ការផ្តល់ហិរញ្ញប្បទានអន្តរជាតិលើការប្រែប្រួលអាកាសធាតុគឺ នៅឃ្លាតឆ្ងាយពីទំហំត្រូវការចាំបាច់ ជាពិសេសសម្រាប់ការសម្របខ្លួន និងមានការលំបាកក្នុងការទទួលបានសម្រាប់បណ្តាប្រទេសងាយរងគ្រោះ”។
ជាមួយគ្នានេះ លោកក៏បានស្នើសុំជំនួយហិរញ្ញប្បទានបន្ថែមពីបណ្តាប្រទេសអភិវឌ្ឍន៍ ដើម្បីដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុ ដែលកម្ពុជាជាប្រទេសងាយរងគ្រោះបំផុត។
ទន្ទឹមនឹងនោះ លោករដ្ឋមន្រ្តី ក៏បានលើកឡើងពីចំណាត់ការផ្សេងៗ ដែលកម្ពុជាបានធ្វើ ដើម្បីការពារបរិស្ថាន រួមមាន កម្ពុជាលែងបង្កើតរោងចក្រថ្មីក្នុងការផលិតអគ្គិសនីពីធ្យូងថ្ម និងការស្ថាបនាទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ខណៈដែលកម្ពុជាកំពុងមានគម្រោងរោងចក្រធ្យូងថ្មចំនួន៣ ដែលកំពុងសាងសង់ និងអាចផ្គត់ផ្គង់អគ្គិសនីបានប្រមាណ១.៦០០មេហ្គាវ៉ាត់។
លោក សាយ សំអាល់ ឲ្យដឹងទៀតថា កម្ពុជាបានធ្វើបច្ចុប្បន្នភាពគោលដៅជាតិក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយដាក់គោលដៅលើការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត៤២%នៅត្រឹមឆ្នាំ ២០៣០។ លោកបន្ថែមថា កម្ពុជាកំពុង«អភិវឌ្ឍយុទ្ធសាស្ត្រអព្យាក្រឹតភាពកាបូនរយៈពេលវែង» ដែលមានគោលដៅលើកកម្ពស់កម្រិតកាបូនទាប ការងើបឡើងវិញ និងកំណើនសេដ្ឋកិច្ចដែលមានលក្ខណៈរួមបញ្ចូលមួយ៕