ក្រុមហ៊ុន Heineken បង់​ពន្ធ​ចូល​រដ្ឋ​ច្រើន​ជាង​គេ ​ក្នុង​វិស័យ​ផលិត​ស្រា​បៀរនៅ​កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារបាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន HEINEKEN (Cambodia) ជា​សហគ្រាស​មួយ​មាន​អនុលោមភាព​សារពើពន្ធ​ខ្ពស់ ដែល​បាន​ចូលរួមចំណែក​ក្នុង​ការបំពេញ​កាតព្វកិច្ច​ពន្ធដារ​ផ្ទៃក្នុង ដោយ​បាន​បង់ពន្ធ​ជូន​រដ្ឋ​ច្រើនជាងគេ​លំដាប់​ទី​១ ក្នុង​វិស័យ​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិ​សុរានៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​លើក​ឡើង​នេះ ខណៈការសម្ពោធដាក់ឱ្យដំណើរការ ឧបករណ៍វាស់ចំណុះស្រាបៀរ នៅរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន HEINEKEN។

មន្រ្តី​ថ្នាក់​ដឹកនាំ​ដែល​ទទួល​ខុស​ត្រូវ​រកចំណូល​ពន្ធ​ចូលរដ្ឋ​នេះ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Henineken បាន​​អនុលោមភាព​សារពើពន្ធ​ខ្ពស់​ប្រភេទ “​មាស​” និង ជា​ក្រុមហ៊ុន​ដំបូង និង​ឈានមុខ​គេ​ក្នុង​វិស័យ​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា​ក្នុងស្រុក ដែល​បាន​ស្ម័គ្រចិត្ត​ក្នុង​ការចូល​រួមសហកា​រ​ដំឡើង និង​ប្រើប្រាស់​ឧបករណ៍​វាស់​ចំណុះ ស្របតាម​ការសម្រេចរ​បស់​រាជរដ្ឋាភិបាល​។

អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ឲ្យដឹ​ង​បន្ត​ថា ការ​ដាក់​ដំណើរការ​ឧបករណ៍​វាស់​ចំណុះ​ស្រា​បៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា​ដំបូង​គេ​សម្រាប់​ក្រុមហ៊ុន HEINEKEN (Cambodia) ជំរុញ​លើកទឹកចិត្ត​ដល់​សហគ្រាស​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា​ផ្សេងៗ​ទៀត​ចូលរួម​អនុវត្ត​កាតព្វកិច្ច​ ពង្រឹង​អនុលោមភាព​សារពើពន្ធ ដើម្បី​ជាការ​ចូលរួមចំណែក​ដ​ល់​អភិវឌ្ឍន៍​ជាតិ និង​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា និង​ដើរតួនាទី​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​។

បើ​តាម​របាយការណ៍​នៃ​អគ្គនាយកដ្ឋាន​គយក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២១ រដ្ឋ​ប្រមូលពន្ធបានសរុបប្រមាណ ១ ៩០៩ លានដុល្លារអាមេរិកស្មើនឹងប្រមាណ ៨៥% នៃផែនការពន្ធដាឆ្នាំ ២០២១ ។

ចំណូលពន្ធដានៅក្នុងរយៈពេល ៨ ខែឆ្នាំ ២០២១ នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ មានការថយចុះប្រមាណ ១៥១,៣០ លានដុល្លារអាមេរិកឬស្មើនឹងប្រមាណ ៧% ។ ទោះជាយ៉ាងណាតួលេខនេះ លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដា ចាត់ទុកថា ជាតួលេខល្អមួយដែលកម្ពុជាកំពុងប្រឈមនឹងវិបត្តិដោយសារតែរីករាលដាលនៃកូវីដ ១៩ តែចំណូលនៅតែមានភាពល្អប្រសើរ៕