ភោជនីយដ្ឋានលំដាប់ថ្នាក់ពិភពលោក Haidilao International Holding Ltd បានប្រកាសលក់ភាគហ៊ុនប្រមាណ ២,៣៥ ពាន់លានដុល្លារហុងកុង ឬ ៣០២ ដុល្លារអាមេរិក ដើម្បីទូទាត់ថ្លៃបំណុលគ្រឿងបរិក្ខារផ្សេងៗ សម្រាប់មកពង្រីកមុខជំនួញ។
ក្រុមហ៊ុនស៊ុបចិននេះមានគម្រោងលក់ភាគហ៊ុន ១១៥ លានហ៊ុន ទៅកាន់ម្ចាស់ភាគហ៊ុនធំមួយគឺ SP NP Ltd ក្នុងតម្លៃ ២០,៤៣ ដុល្លារហុងកុង ឬ ២,៦ ដុល្លារអាមេរិក/ហ៊ុន ដែលតម្លៃមួយនេះជាការបញ្ចុះតម្លៃពិសេសប្រមាណ ៧,៩៧% ពីតម្លៃហាងឆេងកាលពីថ្ងៃព្រហស្បតិ៍។
ដោយឡែកម្ចាស់ភាគហ៊ុនធំៗនឹងមានសិទ្ធិទិញភាគហ៊ុនថ្មីនៅតម្លៃ និងចំនួនដូចគ្នាទៅកាន់ភាគីទី ៣ នៅពេលបញ្ចប់កិច្ចព្រមព្រៀងទិញលក់ ខណៈបច្ចុប្បន្នឯកសារនានាកំពុងស្ថិតក្រោមដំណើរការសម្រេច ហើយការលក់នេះផងដែរ គឺក្នុងគោលបំណងបន្ថែមទុនបម្រុង សម្រាប់ពង្រីកមុខជំនួញនាថ្ងៃអនាគត។
បញ្ជាក់ដែរថា កន្លងទៅ Haidilao ទើបនឹងប្រកាសបិទ និងផ្អាកអាជីវកម្មហាងស៊ុបរាប់រយសាខាទូទាំងពិភពលោក។ លោក Zhang Yong គឺជាស្ថាបនិកហាងស៊ុបល្បីឈ្មោះ Haidilao ដែលមានរាប់រយសាខាទូទាំងសកលលោក និងជាមហាសេដ្ឋីមានបំផុតប្រចាំប្រទេសសិង្ហបុរី។
បើតាមការអះអាងពីក្រុមហ៊ុន គម្រោងនៃការផ្អាកឬបិទសាខារាប់រយសាខាបែបនេះ ដើម្បីរៀបចំផែនការថ្មីៗសម្រាប់គម្រោងនាថ្ងៃអនាគត។
ហាងស៊ុបចិនល្បីឈ្មោះមួយនេះ គឺមានសាខាទូទាំងពិភពលោករហូតដល់ទៅប្រមាណ ១ ៦០០ កន្លែង ហើយសាខានីមួយៗគឺសុទ្ធតែបម្រើសេវាកម្មអតិថិជនបានល្អបំផុត ដែលនេះគឺជាយុទ្ធសាស្ត្រទីផ្សារមួយប្រចាំហាងដែលហាងផ្សេងៗមិនអាចធ្វើបាន ទើបអតិថិជន Haidilao ទាំងអស់សុខចិត្តតម្រង់ជួររាប់ម៉ោងដើម្បីញាំស៊ុបម្ដងៗ៕
ប្រភព: Kelo