សហរដ្ឋអាមេរិក តាមរយៈតំណាងពាណិជ្ជកម្មរបស់ខ្លួន នឹងធ្វើការវាយតម្លៃនូវសិទ្ធទទួលបានសារជាថ្មីនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP មកឱ្យកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។
បើតាមក្រសួងរតនាគារសហរដ្ឋអាមេរិក ការវាយតម្លៃពីសិទ្ធទទួលបានប្រព័ន្ធអនុគ្រោះទូទៅ (GSP) បានធ្វើឡើងបន្ទាប់ពីសភាអាមេរិក អនុញ្ញាតឱ្យមានការអនុវត្តនូវកម្មវិធីមួយឈ្មោះថា ផលប្រយោជន៍ និងលក្ខណៈវិនិឆ្ឆ័យសិទ្ធទទួលបាននូវកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានប្រាប់វិទ្យុបារាំងអន្តរជាតិថា ការលើកឡើងរបស់សហរដ្ឋអាមេរិកនៅពេលនេះ អាចជាសញ្ញាល្អសម្រាប់កម្ពុជា ខណៈសហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញផលិតផលធំមួយរបស់កម្ពុជា។
គួររម្លឹកឡើងវិញថា កម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិកដែលផ្តល់មកកម្ពុជា ត្រូវបានហួសសុពលភាពកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។ ខណៈការហួសសុពលភាពនេះបានប៉ះពាល់ទៅលើអ្នកបញ្ជាទិញដែលតម្រូវឱ្យបង់ពន្ធនាំចូលទៅកាន់សហរដ្ឋអាមេរិក។
ជាក់ស្តែង ក្រោមកម្មវិធីអនុគ្រោះពន្ធទូទៅកម្ពុជា មិនត្រូវបានគិតពន្ធការនាំចូលទំនិញទៅកាន់សហរដ្ឋអាមេរិកប្រមាណ១ពាន់លានដុល្លារផងដែរ។
បន្ថែមលើនេះ លោក ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា កម្ពុជានឹងរំពឹងថា កម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP នឹងអាចផ្តល់មកឱ្យកម្ពុជាឡើងវិញ។ ការរំពឹងនេះត្រូវបានអ្នកនាំពាក្យរូបនេះ លើកហេតុផលថា ទំនាក់ទំនងភាពជាដៃគូពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានភាពល្អប្រសើរបូករួមនឹងទំហំពាណិជ្ជកម្មមានកំណើនខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកសម្អាងថា កម្ពុជាបានអនុវត្តយ៉ាងត្រឹមត្រូវចំពោះការប្រើប្រាស់កម្លាំងពលកម្មរបស់នយោជិកដូចជា ការមិនកេងកម្លាំងពលកម្មហួសប្រមាណ ដែលផ្ទុយពីកតិកាសញ្ញារបស់កម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP៕