តាមរយៈការប្រកាសព័ត៌មានកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានណែនាំក្រុមហ៊ុន និងវិនិយោគិនជនជាតិអាមេរិកាំងឱ្យប្រុងប្រយ័ត្នមុននឹងបណ្តាក់ទុនវិនិយោគលើវិស័យប្រកបដោយហានិភ័យខ្ពស់មួយចំនួននៅកម្ពុជា។
វិស័យប្រកបដោយហានិភ័យខ្ពស់នៅកម្ពុជាដែលស្ថានទូតសហរដ្ឋអាមេរិក ចាត់ថាមានហានិភ័យនោះរួមមាន វិស័យហិរញ្ញវត្ថុ អចលនទ្រព្យ កាស៊ីណូ និងហេដ្ឋារចនាសម្ព័ន្ធ។
ជាមួយគ្នានេះដែល ស្ថានទូតក៏បានណែនាំដល់ក្រុមហ៊ុន និងវិនិយោគិនជនជាតិអាមេរិកាំងឱ្យយល់ដឹងអំពីហានិភ័យផ្នែកកេរ្តិ៍ឈ្មោះ សេដ្ឋកិច្ច និងច្បាប់ ដែលពួកគេអាចប្រឈមនៅពេលរកស៊ីជាមួយនឹងក្រុមហ៊ុននៅកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្ស សកម្មភាពឧក្រិដ្ឋ ឬអំពើពុករលួយជាដើម។
បន្ថែមលើនេះ ស្ថានទូតផ្តល់អនុសាសន៍ថា ដើម្បីកាត់បន្ថយនូវហានិភ័យទាំងនេះ ក្រុមហ៊ុនអាមេរិកាំងទាំងអស់ គួរតែអនុវត្តនូវគោលនយោបាយ និងនីតិវិធីនៃការពិនិត្យពិច័យផ្ទៀងផ្ទាត់ និងស្រាវជ្រាវឱ្យបានហ្មត់ចត់មុននឹងសម្រេចវិនិយោគនៅកម្ពុជា។
តំណាងរដ្ឋាភិបាលកម្ពុជាចាត់ទុកការលើកឡើងរបស់ស្ថានទូតអាមេរិកជុំវិញហានិភ័យខ្ពស់ក្នុងការរកស៊ីនៅកម្ពុជានោះថា ជារឿងមិនឆ្លុះបញ្ចាំងការពិត។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាលតែងតែធ្វើច្បាប់ប្រឆាំងអំពើពុករលួយ ដើម្បីការពារអ្នកវិនិយោគជាតិ និងអន្តរជាតិ។ លោកលើកឡើងទៀតថា ជនជាតិអាមេរិកមិនចង់រកស៊ីនៅស្រុកខ្មែរទើបចោទប្រកាន់ថា ការវិនិយោគនៅកម្ពុជា មានអំពើពុករលួយឬរំលោភសិទ្ធិមនុស្សបែបនេះ។
លោក ផៃ ស៊ីផាន៖ «ខ្ញុំទទួលស្គាល់ថា មិនអស់ទេអំពើពុករលួយដូច្នេះជាយន្តការប្រឆាំងអំពើពុករលួយយើងដឹងថា អ្នករកវិនិយោគនៅកម្ពុជាប្រព្រឹត្តិអំពើពុករលួយយើងចាប់ដាក់ហើយ»៕