ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានសម្រេចលើកលែងការធ្វើចត្តាឡីស័កទាំងស្រុង សម្រាប់ពលរដ្ឋខ្មែរ និងជនបរទេស អ្នកវិនិយោគ ដែលចូលមកកម្ពុជា គឺមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ ចំពោះអ្នកចាក់វ៉ាក់សាំងរួចរាល់ ដោយត្រឹមតែធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ នៅតាមព្រលានយន្តហោះ និងគ្រប់ច្រក់ផ្លូវគោក និងផ្លូវទឹក គឺរង់ចាំតែ ១៥នាទី ទៅ២០នាទីប៉ុណ្ណោះ ត្រូវអនុវត្តចាប់ថ្ងៃចន្ទស្អែកនេះតទៅ។
នេះបើតាមរយៈសារជាសំឡេងនៅរសៀលថ្ងៃទី ១៤ ខែវិច្ឆិកានេះរបស់សម្តេចតេជោនាយរដ្ឋមន្រ្តី ដើម្បីសម្រួលលើការបើកប្រទេសឡើងវិញ សម្រាប់ការទទួលភ្ញៀវទេសចរណ៍ ការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញ-ចូលប្រទេស។
សម្ដេចតេជោ មានប្រសាសន៍ថា ដោយសារតែកម្ពុជា បានចាក់វ៉ាក់សាំងពេញលេញ ដោយមានអត្រាគ្រប់ដណ្ដប់ជិត ៩០ ភាគរយ នៃចំនួនប្រជាជន ១៦ លាននាក់ ដូច្នេះមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ លើកលែងតែអ្នកមិនទាន់បានចាក់វ៉ាក់សាំង។
ទោះយ៉ាងណា សម្តេចតេជោ បានលើកឡើងទៀតថា សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង គឺតម្រូវធ្វើសំណាកដោយម៉ាស៊ីន PCR ហើយធ្វើនឹងចត្វាឡីស័យរយៈពេល ១៤ថ្ងៃដដែល៕