បង្ហាញឧទ្ធម្ភាគចក្រម៉ូដែល Bell 429 តម្លៃប្រមាណ ៧,៥លានដុល្លារ ដែលក្រុមហ៊ុន ជីប ម៉ុង បញ្ជាទិញ

សង្គម​ និង​សេដ្ឋកិច្ច

នៅដើមឆ្នាំ ២០២១ នេះ ក្រុមហ៊ុនយក្ស ជីប ម៉ុង គ្រុប បានបញ្ជាទិញឧទ្ធម្ភាគចក្រស៊េរីថ្មីម៉ូដែល Bell 429 ពីក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក ឈ្មោះ Textron Inc. ខណៈថ្មីៗនេះ ឧទ្ធម្ភាគចក្រដ៏ទំនើបបានដល់កម្ពុជាហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមវីដេអូចេញផ្សាយដោយក្រុមហ៊ុន ជីប ម៉ុង ក្នុងការផ្សព្វផ្សាយពីចក្ខុវិស័យ បេសកកម្ម និងគោលតម្លៃជារួមរបស់ក្រុមហ៊ុន ដោយមានថ្នាក់ដឹកនាំកំពូលៗ និងគណៈគ្រប់គ្រងជាច្រើនរូបបានចូលរួម កាលពីថ្ងៃទី៣ ខែវិច្ឆិកា។

ជាមួយគ្នានេះ ក៏ឃើញវត្តមានអ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រម៉ូដែល Bell 429 ដែលទើបនឹងបញ្ជាទិញថ្មីៗ ដើម្បីថ្លែងសារបញ្ជាក់ពីគ្រប់អាជីវកម្មទាំងអស់របស់ ជីប ម៉ុង នៅតែរឹងមាំជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ដោយសារក្រុមហ៊ុនមានចក្ខុវិស័យច្បាស់លាស់ បំពេញបេសកកម្មឥតឈប់ឈរ និងប្រកាន់គោលតម្លៃជានិច្ច។

ការ​បញ្ជាទិញ​ថ្មីបន្ថែមនេះ ស្រប​ពេល​ក្រុមហ៊ុន​មានស្រាប់​រួច​ទៅហើយ​ គឺឧទ្ធម្ភាគចក្រម៉ូដែល Bell 429 រួមនឹងឧទ្ធម្ភាគចក្រម៉ូដែល Bell ដែល​កំពុងប្រើប្រាស់​ក្នុង​អាជីវកម្ម។

ចំពោះតម្លៃជាក់លាក់ពេលដឹកមកដល់កម្ពុជា មិនទាន់មានប្រភពណាបញ្ជាក់ច្បាស់នៅឡើយទេ តែសម្រាប់តម្លៃនៅសហរដ្ឋអាមេរិចឧទ្ធម្ភាគចក្រ Bell 429 ស៊េរីឆ្នាំ ២០២១ មានចាប់ពី ៧,៥លានដុល្លារឡើង។

ការបញ្ជាទិញឧទ្ធម្ភាគចក្រ Bell 429 ដ៏ទំនើបនេះត្រូវបានអ្នកឧកញ៉ា លាង ម៉េង បញ្ជាក់ថា៖ «ដើម្បីបម្រើតម្រូវការនៃពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលកំពុងរីកលូតលាស់ទៅមុខឥតឈប់ឈររៀងរាល់ថ្ងៃ។ ម្យ៉ាងទៀត នេះក៏បង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុន ជីប ម៉ុង ទៅលើឧទ្ធម្ភាគចក្រម៉ាក Bell ដែលបច្ចុប្បន្នក្រុមហ៊ុនក៏កំពុងតែប្រើប្រាស់ឧទ្ធម្ភាគចក្រម៉ូដែល Bell 505s របស់ក្រុមហ៊ុន Bellron Textron Inc. ផងដែរ»។

ឧទ្ធម្ភាគចក្រដ៏ទំនើបមួយនេះ មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួលស្គាល់ ពីបណ្ដាអ្នកប្រើប្រាស់នៅតាមបណ្ដាប្រទេសនានានៅជុំវិញពិភពលោក។ The Bell 429 បំពាក់ដោយម៉ាស៊ីនប្រភេទ 2x Pratt & Whitney Canada PW207D1/D2 Turboshaft អាចហោះហើរលើអាកាស ក្នុងល្បឿនអតិបរមា 278 km/h និងអាចហោះបានចម្ងាយដល់ទៅ 715 Km និងរយៈកម្ពស់ខ្ពស់បំផុតដល់ 6 Km ក្នុងលំហអាកាស៕