ក្រុមហ៊ុន​មួយហ៊ាន​ដាក់តម្លៃ ២០ លាន​ដុល្លារ ​សុំ​សិទ្ធ​គ្រប់គ្រង​រោងចក្រ​ចម្រាញ់​ប្រេងនៅកោះ​មួយ​របស់អាមេរិក

អន្តរជាតិ

ក្រុមហ៊ុន St. Croix Energy LLLP បាន​ដាក់​ដេញថ្លៃ ២០ លាន​ដុល្លារ ដើម្បី​សុំ​សិទ្ធ​គ្រប់គ្រង​រោងចក្រ​ចម្រាញ់​ប្រេង Limetree Bay ដែល​មាន​ទីតាំង​នៅ​កោះ​ U.S. Virgin Islands។​ នេះ​បើតាម​ការ​អះអាងពី​តុលាការ​នៃ​រដ្ឋ​តិចសាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កន្លង​មក​រោងចក្រ​ចម្រាញ់​ប្រេង Limetree Bay បាន​បិទ​អាជីវកម្ម​ជិត ១០ ឆ្នាំ​ ហើយ​ទើប​នឹង​បើក​ដំណើរការ​ដើមឆ្នាំ​នេះ​ជាថ្មី ក្រោម​ការ​គ្រប់គ្រង​ពី​វិនិយោគិន ២ រូប​ដែល​បាន​ជះ​លុយ​ប្រមាណ ៤,១ ពាន់​លាន​ដុល្លារ ដើម្បី​ស្ដារ​រោងចក្រ​នេះ​ឡើយ​វិញ។

ការ​ចាប់ផ្ដើម​អាជីវកម្ម​សារថ្មី​នេះ រោងចក្រ​មាន​បំណង​ចម្រាញ់​ប្រេង​ឲ្យ​បាន ២១០ ០០០ ធុង​ប្រចាំ​ថ្ងៃ សម្រាប់​ប្រេងសាំង និង​ឥន្ធនៈ​ផ្សេងៗ។ យ៉ាងណា​គម្រោងការ​មួយ​នេះ​ត្រូវ​បានផ្អាក​ជាង ១ ឆ្នាំ ​បន្ទាប់​ពី​បើក​រោងចក្រ​បាន​ប៉ុន្មាន​ខែ រដ្ឋាភិបាល​អាមេរិក​សម្រេច​បិទ​រោងចក្រ​នេះ​ម្ដង​ទៀត ក្រោយ​រកឃើញ​ថា​ មាន​ការ​ធ្លាយ​ប្រេង ទៅ​កាន់​ផ្ទះ​ប្រជាពលរដ្ឋ និង​ប៉ះពាល់​ដល់​ទឹកស្អាត​នៅ​តំបន់​នោះ។

ក្រោយ​រឹបអូស​រោងចក្រ​ចម្រាញ់​ប្រេង Limetree Bay អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រកាស​ពី​ការ​ដាក់​ដេញថ្លៃ​ទីតាំង​មួយ​នេះ ដោយ​ក្រុមហ៊ុន St.Croix ក៏​ជា​បេក្ខភាព​ដំបូង​ដែល​ហ៊ាន​ចាយ ២០ លាន​ដុល្លារ​ដើម្បី​ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​ថ្មី។

បញ្ជាក់​ដែរ​ថា St. Croix គឺជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ប្រវត្តិ​ដ៏​យូរលង់​នៅ​តំបន់ Virgin Islands ហើយ​ក៏​សំបូរ​ទៅ​ដោយ​បុគ្គលិក​ជំនាញ​បទពិសោធន៍​រាប់​ឆ្នាំ ផ្នែក​ចម្រាញ់​ប្រេង និង​ការកែច្នៃ​ឥន្ធនៈ​កកើតឡើង​វិញ​ជា​ដើម៕

ប្រភព: kelo