ភ្នំមានប្រវត្តិរាប់ទស្សវត្សមួយនេះ បាននឹងកំពុងបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរក្នុងស្រុក ក៏ដូចជាភ្ញៀវបរទេស។ បច្ចុប្បន្ន ”ភ្នំព្រះ” គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមានរូងភ្នំ និង ល្អាងភ្នំ ហើយរូងភ្នំមានព្រះចាប់ពី ៣ អង្គ ទៅ ៥ អង្គ ខណៈភាគច្រើនភ្ញៀវទេសរចូលចិត្តធ្វើបុណ្យនៅរូងភ្នំព្រះ ៥ អង្គ ដែលមានជំនឿថា មានបារមីពូកែស័ក្តសិទ្ធិ។
រម្មណីយដ្ឋានបុរាណវិទ្យា “ភ្នំព្រះ” ជាតំបន់ទេសចរណ៍ប្រៀបបានឋានសួគ៍ធម្មជាតិកប់ក្នុងព្រៃភ្នំដ៏ធំ ស្ថិតនៅ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ តំបន់ទេសចរណមួយនេះ មានផ្ទៃដីជាង ១០០ ហិកតា ពោរពេញដោយខ្យល់អាកាសបរិសុទ្ធអាចសម្រាកលំហែកាយត្រជាក់ខ្លួនស្រួល ត្បិតមានដើមឈើធំៗ ជាម្លប់ត្រឈឹងត្រឈៃនៅហ៊ុំព័ទ្ធជុំវិញ។
នៅជើងភ្នំព្រះ បច្ចុប្បន្នមានវត្តមួយឈ្មោះ “វត្តភ្នំព្រះ” មានពុទ្ធបរិស័ទច្រើនទៅធ្វើបុណ្យនៅទីនោះ ហើយនៅទិសខាងកើតមានព្រះពុទ្ធបដិមាមួយអង្គសាងឡើងនៅជិតជើងភ្នំ បែរព្រះភ័ក្ត្រទៅទិសខាងកើត ។
បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ លោក សៅ សារ៉ន បានឱ្យដឹងថា ខេត្តកំពង់ស្ពឺមានលក្ខណៈពិសេសខុសពីខេត្តក្រុងដទៃទៀតដោយសារ ខេត្តនេះសម្បូរភូមិជនជាតិចម្រុះរស់នៅ មានសម្រស់ធម្មជាតិបែបព្រៃភ្នំ និងសម្រស់ធម្មជាតិតាមបែបស្រែ ចម្ការ ព្រមទាំងមានតំបន់ទឹកធ្លាក់ជាច្រើនកន្លែង។ លោកបន្តថា បច្ចុប្បន្ន អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្លូវថ្នល់ ទៅតំបន់ទេសចរណ៍ទាំងអស់របស់ខេត្ត ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរ ក្នុងការធ្វើដំណើរទស្សនាកម្សាន្តផងដែរ។
ជាមួយគ្នានេះ ក្រៅពីតំបន់ភ្នំព្រះ ខេត្តកំពង់ស្ពឺក៏មានរមណីយដ្ឋានបែបបុរាណវិទ្យា និងប្រវត្តិសាស្រ្តជាច្រើនដូចជា ភ្នំចាស់ ភ្នំព្រៃខ្មែរ និងតេទឹកពុះជាដើម។
បន្ថែមលើនេះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានគូសបញ្ជាក់ថា កំពង់ស្ពឺជាខេត្តមួយ ប្រៀបបានដូចកូនក្រមុំ ដែលទាក់ទាញ អ្នកវិនិយោគជាច្រើនលើវិស័យ ឧស្សាហកម្ម និងមានសក្តានុពលលើវិស័យទេសចរណ៍ ដែលនៅជិតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងមានផ្លូវជាតិបីខ្សែ គឺផ្លូវលេខ៥១ ផ្លូវលេខ៤៤ និងផ្លូវលេខ៤១ ដែលជាផ្លូវមានគម្រោង អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស។
សូមបញ្ជាក់ថា ខេត្តកំពុងកំពង់ស្ពឺ កំពុងតែស្វាគមន៍នូវគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ដែលមានផ្ទៃដី ៥០០ហិកតា ផ្លូវលេខ៤១ មានគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនសិង្ហបុរី និងផ្លូវលេខ៤៤ មានក្រុមហ៊ុនជាច្រើនកំពុងអភិវឌ្ឍន៍លើវិស័យជាច្រើន។ កត្តាទាំងនេះហើយដែលធ្វើឱ្យខេត្តកំពង់ស្ពឺ កំពុងមានភាពទាក់ទាញលើវិស័យអចលនទ្រព្យផងដែរ៕