ក្រុមហ៊ុនប្រេងឥន្ធនៈ Royal Dutch Shell បានប្រកាសស្នើធប្ដូរទីស្នាក់ការកណ្ដាលពីប្រទេសហូឡង់ទៅកាន់ចក្រភពអង់គ្លេស និងបានរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនកាលពីថ្ងៃច័ន្ទ។
ការផ្លាស់ប្ដូរទីស្នាក់ការកណ្ដាលនេះ គឺក្នុងគោលបំណងប្រឡូកទីផ្សារថ្មី ដែលកំពុងដើរចេញពីការពឹងផ្អែកវិស័យប្រេងឥន្ធនៈ ហើយជាមួយគ្នានោះពួកគេក៏បានអះអាងបន្ថែមថា គោលបំណងសំខាន់មួយទៀត គឺចង់សាកល្បងចូលវិស័យផលិតថាមពលស្អាតជាងមុន។
ដោយឡែក រដ្ឋាភិបាលនៃប្រទេសហូឡង់វិញ បានសម្ដែងការខកចិត្តជាខ្លាំងជាមួយការសម្រេចចិត្តមួយនេះ។ បើតាមលោក Stef Blok រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងអាកាសធាតុរបស់ប្រទេសហូឡង់បាននិយាយ៖ “រដ្ឋាភិបាលពិតជាមានការខកចិត្តជាខ្លាំង ដែល Shell ចង់ផ្លាស់ប្ដូរទីស្នាក់ការកណ្ដាលទៅកាន់ចក្រភពអង់គ្លេស”។
“បច្ចុប្បន្នពួកយើងកំពុងពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលៗនៃក្រុមហ៊ុន Shell អំពីផលប៉ះពាល់នៃបម្លាស់ទី ដែលអាចជះឥទ្ធិពលអាក្រក់ដល់ការវិនិយោគ និងនិរន្តរភាពជាដើម”។
បញ្ជាក់ដែរថា Shell គឺជាក្រុមហ៊ុនមួយដែលមានទីតាំងនៅហូឡង់អស់រយៈកាលជាង ១ សតវត្សមកហើយ។ ក្នុងករណីពួកគេអាចប្ដូរទីស្នាក់ការកណ្ដាលបានសម្រេចមែន នោះក៏អាចនឹងមានការផ្លាស់ប្ដូរឈ្មោះពី Royal Dutch Shell មកសល់ត្រឹម Shell ដូចគ្នា។
ដោយឡែក ការសម្រេចចិត្តផ្លាស់ប្ដូរទីតាំងបែបនេះ គឺអាចបណ្ដាលមកពីក្រុមហ៊ុនប្រេងមួយនេះចាញ់ក្ដីទំនាស់ដីធ្លីជាមួយសកម្មជនអាកាសធាតុនៅហូឡង់កាលពីដើមឆ្នាំ ហើយតុលាការក្រុងឡាអេបានបញ្ជាឱ្យក្រុមហ៊ុនកាត់បន្ថយការបញ្ចេញកាបូនចំនួន ៤៥% ត្រឹមឆ្នាំ ២០៣០ បើធៀបនឹងកម្រិតឆ្នាំ ២០១៩ ដែលការសម្រេចចិត្តមួយនេះធ្វើឲ្យ ក្រុមសកម្មជនចាត់ទុកថាជាជ័យជំនះមួយ។
យ៉ាងណា ការសម្រេចចិត្តជាផ្លូវការគឺនឹងធ្វើឡើងនៅថ្ងៃទី ១០ ធ្នូខាងមុខ ក្រោមការបោះឆ្នោតពីម្ចាស់ភាគហ៊ុនធំៗប្រចាំក្រុមហ៊ុន។ តែកន្លងមកមិនមែនមានតែ Shell ឡើយដែលចង់ប្ដូរទីស្នាក់ការកណ្ដាលទៅចក្រភពអង់គ្លេស ពោលមានក្រុមហ៊ុនយក្សផ្សេងៗដូចជា Unilever, Dove, Lipton និង Ben & Jerry ជាដើមសុទ្ធតែបញ្ចប់ការសហការនៅប្រទេសហូឡង់ ងាកមកសង់ទីស្នាក់ការកណ្ដាលនៅទីក្រុងឡុងវិញ៕
ប្រភព: Energeticcity