ស្ងាត់ៗ ក្រុមហ៊ុនមេរបស់ Burger King ឈានដល់ការទិញយកហាង Firehouse Subs ក្នុងតម្លៃ ១ ពាន់លានដុល្លារ

អន្តរជាតិ

ភោជនីយដ្ឋាន​ Restaurant Barnds International ដែលជាក្រុមហ៊ុនមេរបស់ Burger King បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានទិញយកក្រុមហ៊ុន Firehouse Subs នៅក្នុងតម្លៃប្រមាណ ១ ពាន់លានដុល្លារ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងភាគហ៊ុនរបស់ភោជនីយដ្ឋាននេះ បានកើនឡើងច្រើនជាង ១% ភ្លាមៗ បន្ទាប់ពីព័ត៌មាននៃការទិញយកហាងអាហារ Fast food ត្រូវបានចុះផ្សាយ ហើយក៏បានធ្វើឲ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនទាំងមូល កើនឡើងដល់ ២៧,១ ពាន់លានដុល្លារទៀតផង ។

​យ៉ាងណារហូតមកដល់ពេលបច្ចុប្បន្ននេះ Restaurant Barnds International បានបន្ថែមម៉ាកហីហោហាងអាហារសម្រន់ធំៗរបស់ខ្លួនរហូតដល់ ៤ ហើយ ដោយមាន Burger King  , Firehouse Subs  បន្ថែមពីលើហាង Popeyes Louisiana Kitchen និង Tim Hortons ផងដែរ ។

មិនតែប៉ុណ្ណោះ លោក Jose Cil នាយកប្រតិបត្តិរបស់ Restaurant Barnds International បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានមើលឃើញពីសក្តានុពលយ៉ាងខ្លាំង ក្នុងការពន្លឿនភាពរីកចម្រើននៃការលក់នៅឯសហរដ្ឋអាមេរិក និងអន្តរជាតិ របស់ហាង Firehouse Subs ជាមួយនឹងអ្នកជំនាញអភិវឌ្ឍន៍របស់ RBI រួមទាំងហ្រេ្វនឆាយជាសកល និងសមត្ថភាពទៅលើប្រព័ន្ធឌីជីថល ” ។

គួរបញ្ជាក់ផងដែរថា Firehouse Subs ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ដោយបងប្អូន ដែលជាអតីតអ្នកពន្លត់អគ្គីភ័យ គឺលោក Chris និង Robin Sorensen ។ ខ្សែសង្វាក់ហាងអាហារសម្រន់នេះ មានប្រហែល ១២០០ សាខានៅទូទាំងសហរដ្ឋអាមេរិក ហើយរំពឹងថានឹងទទួលបានចំណូល ១,១ ពាន់លានដុល្លារ ក្នុងការលក់ជាប្រព័ន្ធសម្រាប់ឆ្នាំ ២០២១នេះ​។

បន្ថែមពីនេះ សម្រាប់រយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ការលក់នៅក្នុងហាងដូចគ្នាបានកើនឡើង ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពី ២ ឆ្នាំមុន ៕

ប្រភព: CNBC