បន្ទាប់ពីមានការប្រជុំ ពិភាក្សារកដំណោះស្រាយ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្រេចសហការ នឹងផ្ដល់សិទ្ធិជូន ឧកញ៉ា តែ តាំងប៉ អគ្គនាយកក្រុមហ៊ុន S.T.P INTERNATIONAL (CAMBODIA) PUBLIC CO., LTD. ទទួលភារកិច្ចក្នុងការបញ្ចុះតម្លៃលើការប្ដូរចង្កូតរថយន្តពីស្ដាំមកចង្កូតឆ្វេង។ នេះបើតាមការឱ្យដឹងពី សេចក្ដីជូនដំណឹងរបស់ ខុទ្ទកាល័យកងទ័ពជើងគោក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។
ការសហការគ្នាលើការចូលរួមកែសម្រួលបច្ចេកទេសចង្កូតរថយន្តឱ្យត្រូវតាមស្តង់ដា សុវត្ថិភាពរថយន្ត និងស្របតាមច្បាប់ចរាចរណ៍នៅប្រទេសកម្ពុជានេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រាលបន្ទុកយោធិន ដែលជាម្ចាស់រថយន្តបំពាក់ស្លាកលេខ កងយោធពលខេមរភូមិន្ទ ទាំងអស់ប្ដូរចង្កូតពីស្ដាំ មកឆ្វេង និងចូលរួមបង់ពន្ធអាករនាំចូល តាមបទបញ្ជា និងគោលនយោបាយប្រមូលពន្ធរដ្ឋ របស់រាជរដ្ឋាភិបាល។
ក្រុមហ៊ុន S.T.P INTERNATIONAL (CAMBODIA) PUBLIC CO., LTD. របស់ឧកញ៉ា តែ តាំងប៉ នឹងទទួលខុសត្រូវលើការប្ដូរចង្កូតរថយន្តពីស្ដាំមកឆ្វេងនេះ ដោយធានានូវគុណភាពសម្ភារ លក្ខណៈបច្ចេកទេស និងស្តង់ដារសុវត្ថិភាពរថយន្ត ស្របតាមច្បាប់ចរាចរណ៍នៅកម្ពុជា។
ហេតុដូច្នេះ សូមអំពាវនាវដល់ម្ចាស់រថយន្តចង្កូតស្ដាំទាំងអស់ ដែលមិនទាន់ប្ដូរចង្កូតពីស្ដាំមកឆ្វេងឱ្យត្រូវតាមស្តង់ និងមិនទាន់បានបង់ពន្ធអាករចូលរដ្ឋទាំងអស់ រៀបចំឯកសារបែបបទស្នើសុំឱ្យទាន់ពេលវេលា។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានជូនដំណឹងជាលើកចុងក្រោយ ណែនាំឱ្យម្ចាស់រថយន្តចង្កូតស្តាំទាំងអស់នៅកម្ពុជា ដាច់ខាតត្រូវកែចង្កូតពីស្តាំ មកឆ្វេង មុនអនុញ្ញាតឱ្យបង់ពន្ធ និងអាករនាំចូលស្របច្បាប់ជូនរដ្ឋ។ ការអនុញ្ញាតនេះ មានឱសានវាទ ត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២។ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ឡានចង្កូតស្តាំ ដែលមិនទាន់ព្រមកែ និងបំពេញកាតព្វកិច្ចបង់ពន្ធនាំចូល នឹងត្រូវចាប់ដកហូត ហើយកម្ទេចចោលដោយគ្មានការលើកលែងឡើយ៕