ណែនាំ​ឲ្យ​ស្គាល់​មហាសេដ្ឋី​មាន​ដាច់​គេ​ប្រចាំ​ទ្វីបទាំង ៦ បាត់​អស់​មហាសេដ្ឋី​ចិន

អន្តរជាតិ

កន្លង​មក​យើង​ធ្លាប់​បាន​ចែក​រំលែក​ព័ត៌មាន​ទាក់ទង​នឹង​បុគ្គល​ល្បីៗ​បំផុត​លើ​ពិភពលោក ក៏​ដូចជា​បុគ្គល​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​ប្រចាំ​ប្រទេស​នីមួយៗ​រួច​មកហើយ​ដែរ ជាក់ស្ដែង​ប្រិយមិត្ត​ច្បាស់​ជា​ធ្លាប់​ស្គាល់​ជាមិនខាន​នូវ​មហាសេដ្ឋី​មាន​បំផុត​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​គឺ Elon Musk។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា សម្រាប់​អត្ថបទ​មួយ​នេះ​វិញ ឧកញ៉ាញូវស៍​សូម​ចែក​រំលែក​ជូន​ប្រិយមិត្ត​ឲ្យ​បាន​ស្គាល់​នូវ​បុគ្គល​មាន​បំផុត​ប្រចាំ​ទ្វីប​ទូទាំង​សកលលោក​វិញ​ម្ដង ហើយ​ដោយសារ​ទ្វីប​អង់តាកទិច​ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ទឹកកក​ក្រាស់ៗ និង​សីតុណ្ហភាព​ទាប​ខ្លាំងពេក ទើប​គ្មាន​មនុស្ស​រស់នៅ ដូច្នេះ​ពួកយើង​សូម​លើក​យក​តែ​បុគ្គល ៦ រូប​ប្រចាំ​ទ្វីប​ទាំង ៦ មក​រៀបរាប់​ប៉ុណ្ណោះ៖

1/ទ្វីប​អាមេរិក​ខាងជើង​ Elon Musk មាន​ទ្រព្យសម្បត្តិ​សរុប ២៧៨,៧ ពាន់​លាន​ដុល្លារ

ដោយសារ​ជា​មហាសេដ្ឋី​មាន​បំផុត​លើ​លោក ដូច្នេះ​វា​មិនមែន​ជា​រឿង​ចម្លែក​ឡើយ ដែល​នាយកប្រតិបត្តិ​ក្រុមហ៊ុន Tesla ក៏​ជា​បុគ្គល​មាន​បំផុត​ប្រចាំ​ទ្វីប​អាមេរិក​ខាងជើង​នោះ។ កន្លង​មក​បុរស​រូប​នេះ ធ្លាប់​បំបែក​កំណត់​ត្រា​ជា​មហាសេដ្ឋី​មាន​ទ្រព្យ​ច្រើនជាង ៣០០ ពាន់​លាន​ដុល្លារ តែ​ដោយសារ​តម្លៃ​ហ៊ុន​ Tesla ធ្លាក់ចុះ​ថ្មីៗ​នេះ បាន​ធ្វើឲ្យ​ទ្រព្យ​របស់​បុរស​វ័យ ៤៩ ឆ្នាំ​ធ្លាក់​មក​សល់​ត្រឹម ២៧៨ ពាន់​លាន​ដុល្លារ​ តែ​វា​ក៏​នៅ​តែ​ជា​ចំនួន​មួយ​មិនទាន់​មាន​អ្នក​តាម​ទាន់​នៅ​ឡើយ។

2/​ទ្វីប​អឺរ៉ុប Bernard Arnault មាន​ទ្រព្យសម្បត្តិ ១៩៦ ពាន់​លាន​ដុល្លារ

បុរស​វ័យ ៧២ ឆ្នាំ​រូប​នេះ​ធ្លាប់​ឈរ​ឈ្មោះ​ជា​បុគ្គល​មាន​បំផុត​លើ​លោក​បាន​ប៉ុន្មាន​ថ្ងៃ​ដែរ នៅពេល​តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​សម្ភារៈ​ល្បី​ឈ្មោះ LVMH ហក់​ឡើង​កាលពី​ប៉ុន្មាន​ខែ​មុន។ ក្នុង​នាម​ជា​ប្រធាន និង CEO នៃ​ក្រុមហ៊ុន LVMH ដែល​គ្រប់គ្រង​ហាង​សម្ភារៈ​ Brand Brand ដូចជា Louis Vuitton, Christian Dior, Givenchy, Moet & Chandon, TAG Heuer និង Tiffany & Co លោក Arnault បាន​កើប​ទ្រព្យ​បាន​ដល់​ច្រើនជាង ១៩០ ពាន់​លាន​ដុល្លារ ក្លាយ​ជា​មហាសេដ្ឋី​មាន​បំផុត​នៅ​អឺរ៉ុប។

3/ ​ទ្វីប​អាស៊ី Mukesh Ambani មាន​ទ្រព្យ​សម្បត្តិ​ ៩៨,៧ ពាន់​លាន​ដុល្លារ

បុរស​ជនជាតិ​ឥណ្ឌា​រូប​នេះ បាន​ក្លាយ​ជា​បុគ្គល​មាន​ឈ្មោះ​បោះសំឡេង​ទូទាំង​សកលលោក ក្រោយ​ផ្ដួល​មហាសេដ្ឋី​ចិន Zhong Shanshan ក្លាយជា​មហាសេដ្ឋី​មាន​បំផុត​ប្រចាំ​ទ្វីប​អាស៊ី។

ក្នុង​នាម​ជា​ប្រធាន​ក្រុមហ៊ុន Reliance Industries ដែលជា​ក្រុមហ៊ុន​យក្ស​មាន​ជំនួញ​ក្នុង​ដៃ​ច្រើន​ពាសពេញ​វិស័យ បុរស​វ័យ ៦៤ ឆ្នាំ​មាន​ទ្រព្យ​សម្បត្តិ​ជិត ១០០ ពាន់​លាន​ដុល្លារ​។

4/​ ​ទ្វីប​អូស្ត្រាលី Gina Rinehart មាន​ទ្រព្យ​ ២២,៧ ពាន់​លាន​ដុល្លារ

ចូល​ដល់​ក្នុង​លេខរៀង​ទី ៤ គឺ​ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី ២ នាក់​នៅ​ក្នុង​បញ្ជីឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​ប្រចាំ​ទ្វីប​ទាំង ៦ លើ​លោក ដោយ​អ្នកស្រី Gina គឺ​ជា​ស្ដេចត្រាញ់​នៅ​ទ្វីប​អូស្ត្រាលី ជាមួយ​នឹង​មុខ​ជំនួញ​ជា​ច្រើន​នៅ​ក្នុង​ដៃ។

ប្រហែល​ជា​មិនសូវ​មាន​អ្នក​ស្គាល់​អ្នកស្រី​ឡើយ តែ​តាមពិត​ទៅ​អ្នកស្រី​ជាប់​លេខរៀង​ទី ៨៣ នៃ​បញ្ជីឈ្មោះ​បុគ្គល​មាន​បំផុត​លើ​លោក​ ជាមួយ​ទំហំ​ទ្រព្យ​សម្បត្តិ​ប្រមាណ ២២,៧ ពាន់​លាន​ដុល្លារ។

5/ ​ទ្វីប​អាមេរិក​ខាងត្បូង Iris Fontbona មាន​ទ្រព្យសម្បត្តិ ២០,៧ ពាន់​លាន​ដុល្លារ

នេះ​គឺ​ស្ត្រី​ចុងក្រោយ​នៅ​ក្នុង​បញ្ជីឈ្មោះ​មួយ​នេះ ដោយ​អ្នកស្រី Iris គឺ​កំពុង​កាន់កាប់​មុខ​ជំនួញ​បន្ត​ពី​ប្ដី​ដែល​បាន​ចែកឋាន​ទៅ​តាំង​ពី​ឆ្នាំ ២០០៥។ ដោយសារ​ទទួល​បាន​មរតក​ពី​ប្ដី​គឺ​ក្រុមហ៊ុន Luksic Group ដែល​ជំនាញ​ខាង​ផ្នែក​ជីករ៉ែ ឧស្សាហកម្ម និង​ផ្នែក​ភេសជ្ជៈ​ បាន​ធ្វើ​ឲ្យ​ស្ត្រីមេម៉ាយ​ម្នាក់​នេះ មាន​ទ្រព្យសម្បត្តិ​រហូត​ដល់​ប្រមាណ​ជាង ២០ ពាន់​លាន​ដុល្លារ។

6/​ ​ទ្វីប​អាហ្វ្រិក Aliko Dangote មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១៣,៦ ពាន់​លាន​ដុល្លារ

ចូល​ដល់​បុគ្គល​ចុងក្រោយ​បង្អស់​នៃ​បញ្ជីឈ្មោះ​នេះ​គឺ បុគ្គល​មាន​បំផុត​ប្រចាំ​ទ្វីប​អាហ្វ្រិក Aliko Dangote ដែល​រក​ប្រាក់​ចំណូល​របស់​លោក​បាន​តាម​រយៈ​អាជីវកម្ម​ផលិត​ស៊ីម៉ងត៍​ Dangote Cement។

ក្រៅពី​វិស័យ​ផលិត​ស៊ីម៉ងត៍​ បុរស​វ័យ ៦៣ ឆ្នាំ​ក៏​មាន​ចំណែក​ភាគហ៊ុន​នៅ​ក្រុមហ៊ុន​ផ្សេងៗ​ដូចជា​វិស័យ​ផលិត​ស្ករស​ និង​អំបិល​ជា​ដើម ​ហើយ​នៅ​ឆ្នាំ ២០២១ នេះ​ទ្រព្យសម្បត្តិ​របស់​បុរស​រូបនេះ​ហក់​ឡើង​ដល់ ១៣,៦ ពាន់​លាន​ដុល្លារ ធ្វើ​ឲ្យ​លោក​ក្លាយជា​បុគ្គល​មាន​បំផុត​នៅ​អាហ្វ្រិក៕

ប្រភព: SCMP