ផ្អែកលើវិធីសាស្ត្រដែលបានកែសម្រួល និងទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ ២០១៩-២០២០ ខ្សែបន្ទាត់នៃភាពក្រីក្រថ្នាក់ជាតិសម្រាប់កម្ពុជា បានរកឃើញថា ជាមធ្យមក្នុងមនុស្សម្នាក់ អាចរកប្រាក់ចំណូលបានចំនួន ១០ ៩៥១រៀល ក្នុងមួយថ្ងៃ។ នេះបើតាមលោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ថ្លែងក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយស្តីពីខ្សែបន្ទាត់ភាពក្រីក្រថ្មី និងអត្រាភាពក្រីក្រនៅកម្ពុជា ឆ្នាំ២០១៩-២០២០ នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ។
លោក ឆាយ ថន បានបង្ហាញថា ក្នុងមនុស្សម្នាក់នៅរាជធានីភ្នំពេញអាចរកប្រាក់ចំណូលបាន ១០ ៩៥១រៀល ក្នុងមួយថ្ងៃ នៅតំបន់ទីប្រជុំជនផ្សេងទៀត អាចរកប្រាក់ចំណូលបាន ៩ ៥៧១រៀល និងនៅតំបន់ជនបទ អាចរកប្រាក់ចំណូលបាន ៨ ៩០៨រៀល ក្នុងមួយថ្ងៃ។
ដោយប្រើប្រាស់ខ្សែបន្ទាត់ភាពក្រីក្រថ្មីនេះ អត្រានៃភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ ២០១៩- ២០២០ មានកម្រិត ១៧,៨% ក្នុងនោះនៅរាជធានីភ្នំពេញ មានអត្រាភាពក្រីក្រ ៤,២% តំបន់ទីប្រជុំជនផ្សេងទៀត មានចំនួន ១២,៦% និងតំបន់ជនបទ ២២,៨%។
លោក ឆាយ ថន គូសបញ្ជាក់ថា អត្រាភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ ២០១៩- ២០២០ បានរងផលប៉ះពាល់ខ្លះពីការរីករាលដាលនៃមេរោគកូវីដ-១៩។ លោកថា ការរីករាលដាលកូវីដ-១៩ លើសេដ្ឋកិច្ចកម្ពុជា ដែលបានចាប់ផ្ដើម ពីដើមឆ្នាំ ២០២០ តាមរយៈការបង្កផលប៉ះពាល់ ដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់លើវត្ថុធាតុដើម សម្រាប់ការផលិតផលិតផលនាំចេញ, ការថយចុះការបញ្ជាទិញពីក្រៅ ប្រទេស និងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ៕