ក្រុមហ៊ុនផលិតយានយន្ត Honda បានចាប់យកឱកាសហើយកំពុងពិចារណាគម្រោងសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីនៅប្រទេសថៃ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារនៅទីនោះ។
ក្រុមហ៊ុនមួយនេះមានបំណងចង់កាត់បន្ថយការនាំចូលអាគុយពីប្រទេសជប៉ុន តែក៏មិនបានបកស្រាយឲ្យបានលំអិតឡើយ ខណៈគ្រាន់តែដឹងថាការប្រើប្រាស់អាគុយដែលនាំចូលពីជប៉ុនមកតំឡើងនៅប្រទេសថៃ គឺមានការចំណាយច្រើនសម្រាប់ការផលិតរថយន្តនីមួយៗ។
ដោយឡែកលោក Noriyuki Takakura ដែលជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Honda Automobile សាខាប្រទេសថៃបានឲ្យដឹងថា ក្រុមហ៊ុនមានគោលបំណងអភិវឌ្ឍន៍លើការបង្កើតថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន និងរួមដៃជាមួយក្រុមហ៊ុនសកលលោកផ្សេងៗក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត។
បញ្ជាក់ដែរថា ក្រុមហ៊ុនមេ Honda Motor Co មានគម្រោងចង់បង្កើនការលក់រថយន្តដើរដោយកម្លាំងអគ្គិសនី និងប្រេងឥន្ធនៈឲ្យបានកើនដល់ ១០០% ត្រឹមឆ្នាំ ២០៤០ ស្របពេលសាខានៅថៃនឹងផ្ដោតសំខាន់លើការផលិតរថយន្តប្រភេទ Hybrid (HEV) និងរថយន្តអគ្គិសនី (BEV) តែសម្រាប់រថយន្តប្រភេទ BEV អាចនឹងត្រូវការពេលវេលាជាងនេះបន្តិច៕
ប្រភព: bangkokpost