ការិយាល័យគោលនរយោបាយសារពើពន្ធ (FPO) បានបង្ហាញពីក្តីរំពឹងរបស់ខ្លួនថា ប្រទេសថៃនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២០ ម៉ឺននាក់ នៅឆ្នាំនេះ ដែលចំនួននេះគឺបានកើនឡើងពីការព្យាករទុកពីមុន ថាអាចបានត្រឹមចំនួន ១៨ ម៉ឺននាក់ ។ យ៉ាងណានេះបើតាមសម្តីរបស់អគ្គនាយក លោក Pornchai Thiraveja ។
ជាក់ស្តែងបន្ទាប់ពីមានការបើកប្រទេសឡើងវិញ នៅថ្ងៃទី ១ ខែវិច្ឆិកា ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ចំនួនភ្ញៀវទេសចរបរទេស បានកើនឡើងដល់ ៥ ម៉ឺនាក់ ខណ:ចំនួននេះបានធ្វើឲ្យចំនួនអ្នកទេសចរបរទេស ដែលមកដល់ប្រទេសថៃ មានសរុបដល់ ១ សែននាក់ហើយ ។
យ៉ាងណា ភាគច្រើននៃអ្នកទេសចរបរទេស ដែលបានចូលមកលេងកម្សាន្ត ក្នុងអំឡុងពេលនេះ គឺបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដែលមានចំនួន ៧ ៩៩៩ នាក់ ខណ:មកពីប្រទេសអារ៉ាមរួម មានចំនួន ៧ ៩៣៥ នាក់ និង ប្រទេសអាល្លឺម៉ង់ មានចំនួន ៥ ៦០០ នាក់ ។
មិនតែប៉ុណ្ណោះ លោក Pornchai បាននិយាយថា ការចំណាយជាមធ្យមរបស់ភ្ញៀវទេសចរ គឺមានចំនួន ៦០ ០០០ បាត ក្នុងមួយនាក់ ដែលបានកើនឡើងពីចំនួន ៥០ ០០០ បាត កាលពីពេលមុនៗ ដោយសារតែការចំណាយបន្ថែម ទាក់ទងជាមួយនឹងជំងឺរាតត្បាតកូវី ១៩ ។
លើសពីនេះ FPO បានព្យាករថា ចំនួនភ្ញៀវទេសចរបរទេសមកដល់ប្រទេសថៃ នៅឆ្នាំក្រោយ អាចកើនឡើងដល់ ៦ លាននាក់។ ហើយប្រសិនបើប្រទេសចិន អាចអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួន ធ្វើដំណើរចេញទៅក្រៅប្រទេសទៀតនោះ ចំនួនភ្ញៀវទេសចរចិន ដែលមកដល់ប្រទេសថៃ អាចកើនឡើងដល់ ១ លាននាក់ ដែលនឹងបង្កើនចំនួនអ្នកទេសចរបរទេសសរុប ដល់ ៧ លាននាក់ជាក់ជាមិនខាន ៕
ប្រភព: Bangkok Post