រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា លោកស្រី យក់ សម្បត្តិ បានថ្លែងថា ប្រទេសកម្ពុជានឹងមានមន្ទីរពេទ្យសាកលវិទ្យាល័យដែលមានតម្លៃប្រមាណ ៨០ លានដុល្លារអាមេរិក ដែលវិនិយោគសាងសង់ដោយក្រុមហ៊ុន inje joint venture ប្រទេស កូរ៉េ។
បើតាមលោកស្រី ក្រុមប្រតិភូមកពីក្រុមហ៊ុន inje joint venture ប្រទេសកូរ៉េ បានចុះមកសិក្សាគម្រោងបង្កើតមន្ទីរពេទ្យមួយដ៏ធំ ហើយដំបូងគេនៅកម្ពុជា ដែលគម្រោងនេះផ្ដល់ថវិកាកម្ចីដោយធនាគាររបស់ កូរ៉េ និងមានការចូលរួមជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី យក់ សម្បត្តិ បន្តថា គម្រោងសាងសង់សាកលវិទ្យាល័យមន្ទីរពេទ្យនេះ ទទួលបានការឯកភាពពីនាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានទីតាំងនៅផ្លូវកប់ស្រូវ ក្នុងទំហំដីជាង ២ ហិកតា អាចដាក់គ្រែបាន ៤០០ ចំណាយទឹក ប្រាក់សាងសង់សរុប ៨០ លានដុល្លារ ក្នុងនោះ ៦៦ លានដុល្លារជាប្រាក់កម្ចីរបស់ធនាគារកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ១៤ លានដុល្លារសហរដ្ឋអាមេរិក។ គម្រោងនេះអាចសាងសង់រួចរាល់ក្នុងរយៈពេល ២ ឆ្នាំកន្លះទៅ ៤ឆ្នាំកន្លះ។
មន្ទីពេទ្យសាកលវិទ្យាល័យដ៏ធំមួយនេះជាការផ្ដល់អាទិភាពខ្ពស់ដល់វិស័យសុខាភិបាលនៅកម្ពុជា ហើយជាកន្លែងផ្ដល់ការសិក្សាដល់និស្សិតដែលទើបតែបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ឬសាកលវិទ្យាល័យដើម្បីមកធ្វើការអនុវត្តសិក្សារបស់ខ្លួនក្នុងវិស័យសុខាភិបាល៕