កូរ៉េ​ខាងត្បូង​គ្រោង​ចាយ​ថវិកា​ជាតិ​ ៤,៥ ពាន់​លាន​ដុល្លារ ទ្រទ្រង់​អាជីវកម្ម​ខ្នាតតូច​ក្នុង​ស្រុក

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​កូរ៉េខាងត្បូងបាន​ប្រកាស​ថា ​រដ្ឋាភិបាល​មាន​គម្រោង​ប្រើប្រាស់​ថវិកា​ដែល​បាន​មក​ពី​ការ​ប្រមូល​ពន្ធ​ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​អាជីវកម្ម​ខ្នាតតូច​​ដែល​ជួប​បញ្ហា​ ដោយសារ​វិបត្តិ​កូវីដ ១៩ កន្លង​មក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ Hong Nam-ki បាន​លើក​ឡើង​នៅ​​ក្នុង​កិច្ចប្រជុំ​គោល​នយោបាយ​​ថា ទឹកប្រាក់​ប្រមាណ ៥,៣ ទ្រី​លាន​វ៉ុន ឬ​ប្រមាណ ៤,៥ ពាន់​លាន​ដុល្លារ ដែល​បាន​មក​ពី​ការ​ប្រមូល​ពន្ធ​ឆ្នាំ​នេះ នឹង​ចាយ​សម្រាប់​ការ​ទ្រទ្រង់​អាជីវកម្ម​ខ្នាតតូច​ពាសពេញ​ប្រទេស។

ទឹកប្រាក់​មួយ​ចំនួន​ធំ​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ និង​អាច​ជា​កម្ចី​ការប្រាក់​ទាប សម្រាប់​អាជីវកម្ម​ខ្នាតតូច ខណៈ ២,៥ ទ្រី​លាន​វ៉ុន ឬ​ជាង ២ ពាន់​លាន​ដុល្លារ​ទៀត​គឺ​នឹង​ប្រើ​សម្រាប់​កាត់បន្ថយ​ការ​ចេញ​ប័ណ្ណ​រតនាគារ។

បញ្ជាក់​ដែរ​ថា មន្ត្រី​ហិរញ្ញវត្ថុ​អះអាង​ថា នឹង​រំពឹង​បាន​ប្រាក់​ចំណូល​ពី​ផ្នែក​ពន្ធដារ​ប្រមាណ ១៩ ទ្រី​លាន​វ៉ុន​នៅ​ឆ្នាំនេះ ខណៈ​មួយ​ភាគ​ធំ​នៃ​ចំនួន​នេះ​គឺ​សង្ឃឹម​បាន​មក​ពី​ពន្ធ​នៃ​អចលនទ្រព្យ ដោយ​រដ្ឋាភិបាល​រំពឹង​ថា​នឹង​អាច​បាន​ច្រើនជាង​ឆ្នាំ​ទៅ ៣​ ដង​ឯណោះ៕

ប្រភព: CNA