ក្រុមហ៊ុន​ប្រេង​យក្ស Shell ជ្រើសរើស​​សិង្ហបុរី ​សាងសង់​រោងចក្រ​ច្នៃ​សំរាម​ប្លាស្ទិក​

អន្តរជាតិ

ក្រុមហ៊ុន​ផលិត​ប្រេង​លំដាប់​ថ្នាក់​ពិភពលោក Royal Dutch Shell បាន​ប្រកាស​ថា មាន​គម្រោង​សាងសង់​រោងចក្រ​កែច្នៃ​ប្រេង​ និង​កែច្នៃ​សំរាម​ប្លាស្ទិក​ទៅជា​សារធាតុ​គីមី ដែល​មាន​ទីតាំង​នៅ​ប្រទេស​សិង្ហបុរី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងការ​មួយ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ក្រុមហ៊ុន Shell សាខា​សិង្ហបុរី ក្នុង​ការ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ពុល​ឲ្យ​បាន​ពាក់កណ្ដាល​នៅ​ត្រឹម​ឆ្នាំ ២០៣០ ពីកម្រិត​ខ្ពស់​មួយ​កាលពី​ឆ្នាំ ២០១៦។

ក្រៅពី​នោះ ក្រុមហ៊ុន​ក៏​នៅ​មាន​គម្រោង​បង្កើត​រោងចក្រ​ផ្ទុក និង​ចាប់​យក​ឧស្ម័ន​កាបូន ហៅ​កាត់ CCS ដែល​អាច​ផ្ទុក​បាន ៥៥០ ០០០ តោន​ក្នុង​មួយឆ្នាំ​ នៅ​តំបន់ Pulau Bukom ដែល​ Shell មាន​រោងចក្រ​អាយុកាល​ជាង ៦០ ឆ្នាំ​នៅ​ទីនោះ ហើយ​វា​ក៏ជា​រោងចក្រ​ផលិត​ថាមពល និង​គីមី​មួយ​ក្នុង​ចំណោម​រោងចក្រ​ធំៗ​ទាំង ៥ របស់ Shell ទូទាំង​សកលលោក​ផង​ដែរ។

Shell មាន​បំណង​ចង់​បង្កើត​រោងចក្រ​កែច្នៃ​ថាមពល​គីមី ២ កន្លែង​ផ្សេង​ទៀត​នៅ​ទ្វីបអាស៊ី សម្រាប់​កែច្នៃ​សំរាម​ទៅ​ជា​ប្រេង​ប្រភេទ Pyrolysis សម្រាប់ Shell Energy និង Chemical Park Singapore នៅ​តំបន់ Bukom និង Jurong Island​។ Shell ធ្លាប់​មាន​មហិច្ឆតា​ចង់​ផលិត​ប្រេង​ឥន្ធនៈ​អាកាសចរណ៍​ឲ្យ​បាន ២ លាន​តោន​/ឆ្នាំ នៅ​ត្រឹម​ឆ្នាំ ២០២៥ ដូច្នេះ​ក្រុមហ៊ុន​ត្រូវ​ស្វែង​រក​ដៃគូ​សហការ​ដែល​អាច​ផលិត​ប្រេង​ជីវឥន្ធនៈ ៥៥០ ០០០ តោន/ឆ្នាំ ដែល​ផលិត​ចេញ​ពី​សំរាម និង​ប្រេង​បន្លែ។

បញ្ជាក់​ដែរ​ថា Shell បាន​ប្រកាស​ថា​នឹង​ព្យាយាម​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ជា​សកល​ឲ្យ​បាន​ពាក់កណ្ដាល​នៅ​ឆ្នាំ ២០៣០ ក៏​ដូចជា​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​សុទ្ធ​ឲ្យ​បាន ៤៥% នៅ​ត្រឹម​ឆ្នាំ ២០៣៥ ផង​ដែរ ខណៈក្រុមហ៊ុន​មួយ​នេះ​កំពុង​ប្រឈម​មុខ​ខ្លាំង​ពី​ការ​ដាក់​សំពាធ​ពី​ក្រុម​វិនិយោគិន ក្រុម​សកម្មជន និង​រដ្ឋាភិបាល សម្រាប់​បម្រែបម្រួល​ពី​ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ មក​ជា​ការ​វិនិយោគ​លើ​ការ​ប្រើ​ថាមពល​កកើត​ឡើងវិញ​។

ប្រភព: Kelo