ខេត្តស្វាយរៀង បានទាក់ទាញការវិនិយោគពីបរទេស ដោយសារកត្តាភូមិសាស្រ្តអំណោយផល រួមទាំងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រដល់គម្រោងវិនិយោគ។ ក្រុងបាវិតគឺជាតំបន់ប្រជុំជនដ៏ធំជាប់ព្រំដែនវៀតណាម មានតំបន់សេដ្ឋកិច្ចពិសេសជាច្រើនកន្លែងដែលប្រមូលផ្តុំដោយរោងចក្រ សហគ្រាសបង្កើតការងារដល់ពលរដ្ឋមូលដ្ឋានរាប់ម៉ឺននាក់។
លោក រស់ ផារិទ្ធ អភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ថា ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេស ០៨ កន្លែង និង ០៣ កន្លែងទៀតកំពុងដំណើរការសាងសង់។ តាមរយៈតំបន់សេដ្ឋកិច្ចពិសេសនេះបានបង្កើតការងារដល់ពលរដ្ឋនៅខេត្តស្វាយរៀងនិងតំបន់ផ្សេងទៀតជាង ៨ ម៉ឺននាក់។
តំបន់សេដ្ឋកិច្ចពិសេសទាំង ០៨ កន្លែងនៅខេត្តស្វាយរៀងមានឈ្មោះដូចខាងក្រោម៖
១. តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន
២. តំបន់សេដ្ឋកិច្ចពិសេសតាយសេងបាវិត
៣. តំបន់សេដ្ឋកិច្ចពិសេសនាគរាជ
៤. តំបន់សេដ្ឋកិច្ចពិសេសសានតុងសាន់សែល
៥. តំបន់សេដ្ឋកិច្ចពិសេសហាយជាក
៦. តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ
៧. តំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសស៍(GI GA)
៨. តំបន់សេដ្ឋកិច្ចពិសេស អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាសស្វី ខមផ្លេកស៍
តាមទិន្នន័យរបស់អាជ្ញាធរខេត្តស្វាយរៀង ទូទាំងខេត្តស្វាយរៀងមានរោងចក្រសហគ្រាសសរុប ២៤៦ ដែលមានកម្មករខ្មែរបម្រើការងារ ៨៨ ៤៧៦នាក់ និងកម្មករបរទេស ២៧៦៥នាក់៕