រថយន្តវៀតណាម ទៅដល់ទឹកដីអាមេរិកភ្លាម ទទួលការចាប់អារម្មណ៍ខ្លាំង រហូតល្បីដល់ Supercar Blondie

អន្តរជាតិ

កាលពីសប្តាហ៍មុនរថយន្ត VinFast របស់វៀតណាម បានបង្ហាញខ្លួនជាលើកដំបូងនៅទឹកដីសហរដ្ឋអាមេរិក ក្នុងកម្មវិធីពិពណ៌ឡាន Los Angeles Auto Show ជាមួយនឹងការដាក់បង្ហាញរថយន្តអគ្គិសនីម៉ូដែលចុងក្រោយរបស់ខ្លួន គឺ VF e35 និង VF e36 ជាលើកដំបូងទៅកាន់ពិភពលោក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយការបង្ហាញខ្លួនជាលើកដំបូងនេះផងដែរ e35 និង e36 កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង មិនថានៅក្នុងសហរដ្ឋអាមេរិក និងនៅក្នុងប្រទេសវៀតណាមផ្ទាល់នោះទេ ហើយអ្វីដែលកាន់តែពិសេសនោះ គឺសូម្បីតែ Supercar Blondie ដែលស្គាល់ថាជាអ្នក Review រថយន្តដ៏ល្បីល្បាញបំផុត ក៏បានបង្ហាញការចាប់អារម្មណ៍ខ្លាំង ចំពោះម៉ូដែលរថយន្តអគ្គិសនីទាំង ២ នេះផងដែរ ។

ជាក់ស្តែងនៅក្នុងវីដេអូ ដែលទើបបង្ហោះក្នុងពេលថ្មីៗនេះ  Supercar Blondie បាននិយាយថា គាត់មានការចាប់អារម្មណ៍ខ្លាំង ជាមួយនឹងការរចនារបស់រថយន្ត VinFast ដែលមានអក្សរ “V”  នៅផ្នែកខាងមុខនៃរថយន្ត ដែលតំណាងឲ្យប្រទេសវៀតណាមផ្ទាល់តែម្តង និងជាការរចនាឡើងដោយក្រុមហ៊ុនអ៊ីតាលី Pininfarina។

Supercar Blondie - VinFast VF e36 and VF e35 with reasonable prices,  quality cars - Alexwa.com

បន្ថែមពីនេះ Supercar Blondie ក៏បានបង្ហាញពីហេតុផលធំៗចំនួន ៣ ដែលណែនាំឲ្យអ្នកគួរជ្រើសរើសទិញរថយន្តអគ្គិសនីម៉ូដែលថ្មី VF e35 និង VF e36 ពីក្រុមហ៊ុន VinFast ផងដែរ ។

ដោយហេតុផលទីមួយ គឺ VinFast ម៉ូដែល VF e35 និង e36 នេះ បាននាំមកជាមួយនឹងផលិតផលដែលមានគុណភាពខ្ពស់ គួបផ្សំជាមួយនឹងបច្ចេកវិទ្យាឈានមុខគេ នៅក្នុងឧស្សាហកម្មរថយន្តនាពេលបច្ចុប្បន្ន។ ហើយហេតុផលទី ២ គឺ VinFast អាចរាប់បានថាជាម៉ាករថយន្តថ្មីស្រឡាង ដែលបានដើរចូលទីផ្សារសហរដ្ឋអាមេរិក ដូច្នេះដើម្បីអាចប្រកួតប្រជែងជាមួយម៉ាករថយន្តល្បីៗ គឺរថយន្ត VinFast VF e35 និង VF e36 នឹងមានតម្លៃសមរម្យណាស់ ។

ហើយសម្រាប់ហេតុផលចុងក្រោយ  Supercar Blondie បានសង្កត់ធ្ងន់ថា VinFast គឺមានសេវាកម្មល្អខ្លាំងមែនទែន ទោះបីជាក្រុមហ៊ុនថ្មីក៏ដោយ ប៉ុន្តែពួកគេមានកន្លែងដាក់តាំងរថយន្តរបស់ខ្លួន សរុបចំនួន ៦០ រួចទៅហើយ នៅរដ្ឋកាលីហ្វ័រញ៉ា ដែលនេះជាតួលេខគួរឲ្យចាប់អារម្មណ៍ សម្រាប់ម៉ាកយីហោ ដែលទើបតែចូលខ្លួននៅក្នុងទឹកដី​អាមេរិក​ជា​លើក​ដំបូង​ ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាមមួយនេះ បានបញ្ជាក់ថា រថយន្តអគ្គិសនីប្រភេទ SUV ទាំង ២ ម៉ូដែលនេះ ក៏នឹងមានដាក់លក់ នៅទ្វីបអាមេរិកខាងជើង និងទ្វីបអឺរ៉ុប ចាប់ពីឆ្នាំក្រោយទៅផងដែរ ៕

ប្រភព: Paultan