ប្រធានាធិបតី Joko Widodo នៃប្រទេសឥណ្ឌូណេស៊ីបានប្រកាសថា ពួកគេនឹងអាចបញ្ឈប់ការនាំចេញសំណប៉ាហាំងនៅឆ្នាំ ២០២៤ ដែលវាគឺជាផ្នែកមួយនេះផែនការអូសទាញវិនិយោគិនមកបណ្ដាក់ទុននៅក្នុងប្រទេស។
ក្នុងនាមជាប្រធានាធិបតី លោក Jokowi ត្រូវបានបញ្ជាក់ថា រដ្ឋាភិបាលអាចនឹងបញ្ឈប់ការអនុញ្ញាតឱ្យនាំចេញសារធាតុបុកស៊ីតនៅឆ្នាំក្រោយ និងរ៉ែទង់ដែងនៅឆ្នាំ ២០២៣។
ប្រធានាធិបតីរូបនេះបានបញ្ជាក់ជារឿយៗកាលពីអំឡុងពេលលោកបង្ហាញខ្លួននៅវេទិកាសាធារណៈ ស្ដីអំពីការនាំចេញវត្ថុធាតុដើមនៃប្រទេសនៅអាស៊ីអាគ្នេយ៍អស់រយៈពេលយូរ ដែលវាអាចនឹងធ្វើឲ្យសេដ្ឋកិច្ចនៅក្នុងប្រទេស និងការងារផ្នែកឧស្សាហកម្មមានការរាំងស្ទះ។
ការខិតខំប្រឹងប្រែងទប់ស្កាត់ការនាំចេញវត្ថុធាតុដើមរបស់ប្រទេសឥណ្ឌូណេស៊ី នឹងជួយជំរុញវិស័យសេដ្ឋកិច្ចក្នុងស្រុក ដើម្បីទាក់ចិត្តវិនិយោគិនឲ្យមកសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីវិញ។
បញ្ជាក់ដែរថា ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសនាំចេញរ៉ែដែកដ៏ធំ បានបញ្ឈប់ការនាំចេញរ៉ែនីកែលកាលពីឆ្នាំមុន ហើយការផ្លាស់ប្ដូរនេះបានបង្កើតឱ្យមានលំហូរនៃការវិនិយោគ ដែលភាគច្រើនមកពីប្រទេសចិន ដែលចូលខ្លួនមកកែច្នៃវត្ថុធាតុដើមមួយនេះ។
បើតាមច្បាប់បច្ចុប្បន្ន ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងបញ្ឈប់ការនាំចេញរ៉ែបុកស៊ីត និងទង់ដែងក្នុងចំណោមរ៉ែដែកផ្សេងៗនៅក្នុងឆ្នាំ ២០២៣ ស្របពេលគម្រោងការនាំចេញសំណប៉ាហាំងរបស់លោក Jokowi នៅមិនទាន់បង្ហាញច្បាស់លាស់នៅឡើយ៕
ប្រភព: CNA