ហ្វីលីពីន អនុញ្ញាតឲ្យក្រុមហ៊ុនបណ្តាក់ទុនចិន ទទួលយកគម្រោងតម្លៃ ២,៨ ពាន់លានដុល្លារ សាងសង់ផ្លូវរថភ្លើងក្នុងប្រទេសខ្លួន

អន្តរជាតិ

ថ្មីៗនេះ យោងទៅតាមនាយកដ្ឋានជញ្ជូនរបស់ហ្វីលីពីន បានឲ្យដឹងថា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា របស់ប្រទេសចិន គឺមានលក្ខណ:សម្បតិ្តគ្រប់គ្រាន់ ដើម្បីទទួលគម្រោងតម្លៃប្រមាណ ១៤១,៧៩ ពាន់លានប៉េសូ ឬប្រហែលជិត ៣ ពាន់លានដុល្លារអាមេរិក សម្រាប់ការរចនា និងសាងសង់ផ្លូវដែកប្រវែង ៣៨០ គីឡូម៉ែត្រ នៅក្នុងតំបន់ Bicol ភាគកណ្តាលប្រទេសហ្វីលីពីន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងនៅក្នុងការដេញថ្លៃនោះ មានតែក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា China Railway Group Ltd , China Railway Number 3 Engineering Co. Ltd និង China Railway Engineering Consulting Group Consortium Ltd ប៉ុណ្ណោះ ដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ដើម្បីទទួលយកគម្រោងមួយនេះ ក្នុងចំណោមក្រុមហ៊ុនដាច់ដោយឡែក ២ ផ្សេងៗទៀត។ យ៉ាងណានេះបើតាមសម្តីរបស់ ជំនួយការលេខាធិការដឹកជញ្ជូន លោកស្រី Goddes Hope O. Libiran ដែលបាននិយាយកាលពីថ្ងៃអង្គារកន្លងទៅ ។

អ្នកស្រីបាននិយាយទៀតថា ៖ ” មានក្រុមហ៊ុនទាំង ៣ បានដាក់សំណើដេញថ្លៃលើគម្រោងនេះ ប៉ុន្តែមានតែមួយប៉ុណ្ណោះ ដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានវា ” ។ លោកស្រី Libiran បានសង្កត់ធ្ងន់ថា អង្គភាពចិនពីរដែលមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់កិច្ចសន្យាមួយនេះ គឺមានដូចជាក្រុមហ៊ុន China Road and Bridge Corp. និង Power Construction Corp. of China Ltd ។

ហើយចំពោះកិច្ច​សន្យា​នេះដែរ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​ផ្តល់​ជូន​នៅក្នុង​ខែ​នេះ ដោយការ​សាង​សង់វិញ ​នឹង​ចាប់​ផ្តើម​នៅ​ត្រីមាស​ក្រោយ ។

គួរជម្រាបថា គម្រោង PNR Bicol ទាំងមូល គឺជាការផ្តោតលើខ្សែផ្លូវដែកប្រវែង ៥៦០ គីឡូម៉ែត្រ ដែលតភ្ចាប់ពីឋានីយ៍ Metro Manila ទៅកាន់ខេត្តនានា នៅភាគខាងត្បូងតំបន់ Luzon ។

មិនតែប៉ុណ្ណោះ នាយកដ្ឋានដឹកជញ្ជូន បាននិយាយនៅលើគេហទំព័ររបស់ខ្លួនទៀតថា PNR Bicol ត្រូវបានគេរំពឹងថានឹងកាត់បន្ថយពេលវេលាធ្វើដំណើរ រវាងទីក្រុងម៉ានីល និងទីក្រុង Legazpi ពី ១៨ ម៉ោង មកសល់ត្រឹម ៦ ម៉ោង ជាមួយនឹងរថភ្លើងធម្មតា និង ៤,៥ ម៉ោង ជាមួយនឹងរថភ្លើងល្បឿនលឿន ៕

ប្រភព: Bworldonline