ក្រុមហ៊ុនយក្សមួយរបស់តៃវ៉ាន់បានប្រកាសស្វែងរកដៃគូសហការជាមួយប្រទេសនៅតំបន់អឺរ៉ុប សម្រាប់ការផលិតបន្ទះឈីប។ នេះបើតាមការអះអាងពីមន្ត្រីរដ្ឋាភិបាលម្នាក់កាលពីថ្ងៃព្រហស្បតិ៍។
ស្ដេចត្រាញ់បច្ចេកវិទ្យាតៃវ៉ាន់ ដែលត្រូវបានគេស្គាល់ថាជាតំបន់មូលដ្ឋានរបស់ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Taiwan Semiconductor Manufacturing Co Ltd ហៅកាត់ TSMC បានក្លាយជាមជ្ឈមណ្ឌលផ្គត់ផ្គង់តម្រូវការទីផ្សារបន្ទះឈីប ដែលបច្ចុប្បន្នកំពុងមានតម្រូវការខ្ពស់សម្រាប់ការផលិតយានយន្តទូទាំងពិភពលោក ជាពិសេសគឺរថយន្តអគ្គិសនី។
ស្របពេលដែល TSMC កំពុងសាងសង់រោងចក្រផលិតបន្ទះឈីបថ្មីនៅអាមេរិកតម្លៃ ១២ ពាន់លានដុល្លារ នៅឯរដ្ឋ Arizona ពួកគេធ្លាប់បដិសេធមិនព្រមពិចារណាសាងសង់រោងចក្រនៅតំបន់អឺរ៉ុបផ្សេងឡើយ បើទោះជាសហគមន៍អឺរ៉ុបខិតខំបណ្ដាក់ទុនបែបណាក្ដី។
ដោយឡែកបើតាមសម្ដីរបស់លោក Kung Ming-hsin ដែលជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិរបស់តៃវ៉ាន់ បានប្រាប់ទៅកាន់បណ្ដាញសារព័ត៌មានថា លោកបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសមួយចំនួនដូចជា ស្លូវ៉ាគី សាធារណរដ្ឋឆេក និងលីទុយអានីកាលពីខែមុន ខណៈប្រទេសទាំង ៣ សុទ្ធតែបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគលើការផលិតបន្ទះឈីបនៅកោះមួយនេះ។
ទន្ទឹមនឹងនោះ តៃវ៉ាន់បានបង្ហើបឲ្យដឹងថា នឹងរៀបចំអ្នកជំនាញមួយក្រុមជួបជជែកជាមួយតំណាងនៃប្រទេសទាំង ៣ សម្រាប់ការសហការលើការផលិតបន្ទះឈីប ដោយរដ្ឋាភិបាលតៃវ៉ាន់ធានារ៉ាប់រងផ្ដល់ជូនអាហារូបករណ៍សម្រាប់ហ្វឹកហ្វឺនផ្នែកបច្ចេកទេសផងដែរ។
រំលឹកដែរថា កន្លងមកស្លូវ៉ាគី សាធារណរដ្ឋឆេក និងលីទុយអានីធ្លាប់បានជួយដល់កោះតៃវ៉ាន់ជាច្រើនលើកច្រើនសា ជាក់ស្ដែងដូចជាបរិច្ចាគវ៉ាក់សាំងកូវីដ ១៩ និងជួយសម្រាលបន្ទុកនយោបាយក្រោមការគាបសង្កត់ពីប្រទេសចិនជាដើម៕
ប្រភព: CNA