ក្រោយ​ Evergrande និង Kaisa Group ​ជំពាក់​បំណុល​ច្រើន ចិន​ប្រកាស​បន្ធូរ​ច្បាប់​ជួញដូរ​អចលនទ្រព្យ

អន្តរជាតិ

ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស Evergrande បាន​ប្រកាស​ពី​បំណុល​ដែល​ពួកគេ​មាន​ក្នុង​ដៃ​ប្រមាណ​ជាង ៣០០ ពាន់​លាន​ដុល្លារ ដែល​នេះ​គឺ​បណ្ដាល​មក​ពី​រដ្ឋាភិបាល​ចិន​ប្រកាស​រឹត​បន្តឹង​ច្បាប់​នៃ​ការ​ជួញដូរ​អចលនទ្រព្យ​ ដែល​បាន​ធ្វើ​ឲ្យ​ការលក់​របស់​ពួកគេ​ដាំក្បាល​ចុះ​ជាខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា មក​ទល់​ពេលនេះ Evergrande បាន​ចាប់ផ្ដើម​ដោះស្រាយ​បំណុល​របស់​ពួកគេ​ជា​បណ្ដើរៗ ហើយ​ក៏​ចាប់ផ្ដើម​ងើប​មក​វិញ​សន្សឹមៗ​ផង​ដែរ ស្របពេល​ក្រុមហ៊ុន​ខ្នាត​យក្ស​មួយ​កន្លែង​ទៀត​គឺ Kaisa Group បាន​ប្រកាស​លក់​ភាគហ៊ុន​ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ៣៨០ លាន​ដុល្លារ សម្រាប់​ត្រៀម​សង​បំណុល​គេ​ផង​ដែរ។​

ដោយ​យល់ឃើញ​ថា ចាប់តាំង​ពី​រឹត​បន្តឹង​ច្បាប់​ថ្មី​នេះ​មក វិស័យ​អចលនទ្រព្យ​ហាក់​មានការ​ស្រុតចុះ​ច្រើន ដូច្នេះ​ហើយ​អាជ្ញាធរ​ចាប់ផ្ដើម​ប្រើ​ផែនការ​ថ្មី គឺ​បន្ធូរបន្ថយ​ច្បាប់​នេះ​វិញ ខណៈ​ទីក្រុង Chengdu បាន​ប្រកាស​ថា នឹង​ផ្ដល់​ភាពងាយស្រួល​ដល់​វិនិយោគិន​ក្នុងការ​លក់​អចលនទ្រព្យ​របស់​ពួកគេ។

ការ​ប្រកាស​មួយ​នេះ​គឺ​បាន​សម្រេច​ដោយ​រដ្ឋាភិបាល​ ​ក្រោយ​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ចំនួន រួមទាំង​ China Evergrande ផង បាន​ធ្លាក់​ចូល​រណ្ដៅ​វិបត្តិសេដ្ឋកិច្ច​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ដែល​ធ្វើ​ឲ្យ​បំណុល​ក៏​កើនឡើង ហើយ​ការលក់​ធ្លាក់ចុះ និង​ស្ទើរតែ​ប្រកាស​ក្ស័យធន​ម្ដងៗ។

បញ្ជាក់​ដែរថា អាជ្ញាធរ​ទីក្រុង​ប៉េកាំង​បាន​បង្ហាញ​ពី​ការ​បន្ធូរបន្ថយ​ខ្លះ​សម្រាប់​វិស័យ​អចលនទ្រព្យ ហើយ​កាលពី​ខែ​កញ្ញា​ធនាគារ​កណ្ដាល​ក៏​បាន​ប្រកាស​ពី​ផែនការ​ជួយ​ទ្រទ្រង់​ដល់​អាជ្ញាធរ​មូលដ្ឋាន​សម្រាប់​ទីផ្សារ​ជួញដូរ​ផ្ទះ​ ក៏​ដូចជា​ផែនការ​ជំរុញ​វិស័យ​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​ផង​ដែរ៕

ប្រភព: Bangkokpost