​ថៃ គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​ប្រលាន​យន្តហោះ​ថ្មី​មួយ​ទៀត នៅ​ភាគខាងត្បូងប្រទេស

អន្តរជាតិ

បើ​តាម​​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ​បាន​ឲ្យ​ដឹងថា ប្រលានយន្តហោះ Betong ដែល​មាន​ទីតាំង​នៅ​ភាគ​ខាងត្បូង​នៃ​ខេត្ត Yala នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ខែមករា​ឆ្នាំក្រោយ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Thanakorn Wangboonkongchana ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រលានយន្តហោះ​ថ្មី​​នេះ​គឺមាន​ចំណត​ដែល​អាច​ផ្ទុក​អ្នកដំណើរ​ក្នុង​ទំហំ ៧ ០០០ ម៉ែត្រការ៉េ និង​អាច​បម្រើសេវាកម្ម​ដល់​អ្នកដំណើរ ៣០០ នាក់​/​ម៉ោង ឬ​ប្រហែល ៨០០ ០០០​នាក់/ឆ្នាំ។

បើ​ទោះជា​ការ​ប្រកាស​ឲ្យ​ប្រើប្រាស់​នឹង​ប្រព្រឹត្តិ​ទៅ​ឆ្នាំ​ក្រោយ​ក៏​ពិតមែន តែ​បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​ប្រើប្រាស់​ប្រលានយន្តហោះ​មួយនេះ​ សម្រាប់​ការហោះហើរ​លក្ខណៈ​ឯកជន​រួចហើយ ខណៈ​ការ​បើក​ដំណើរការ​នេះ​ផង​ដែរ នឹង​ធ្វើឡើង​ស្របពេល​ជាមួយ​ការ​ប្រកាស​បើកច្រកព្រំដែន​របស់​ប្រទេស​ម៉ាឡេស៊ី​ដូចគ្នា ពោល​គឺ​នៅ​ថ្ងៃទី ០១ មករា ២០២២។

ប្រលានយន្តហោះ​ថ្មី​នេះ​ផង​ដែរ គឺ​នឹង​ជួយ​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច​នៅ​ភាគខាងត្បូង​នៃ​ប្រទេស ជា​ពិសេស​គឺ​នៅ​តាម​ច្រកព្រំដែន​នៃ​តំបន់​នោះ​តែ​ម្ដង។ លើស​ពី​នោះ​មន្ត្រី​ក្រសួង​ទេសចរណ៍​និង​កីឡា​មាន​គម្រោង​ចង់​រៀបចំ​កម្មវិធី Amazing Jungle Trail នៅ​តំបន់ Betong នៅ​ថ្ងៃទី ០៧ និង ០៨ ឧសភា​ឆ្នាំក្រោយ ក្នុង​គោល​បំណង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ និង​សេដ្ឋកិច្ច​ក្នុង​តំបន់​ផង​ដែរ៕

ប្រភព: bangkokpost