ក្រុមហ៊ុនលក់គ្រឿងសង្ហារឹម Ikea របស់ស៊ុតអែត បានបើកដំណើរការហាងដ៏បំផុតរបស់ខ្លួន នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីនកាលពីថ្ងៃទី ២៥ វិច្ឆិកា ជាមួយនឹងកន្លែងថ្មី ដែលមានទំហំរហូតដល់ទៅ ៦៨ ០០០ ម៉ែត្រការ៉េ ។
ជាក់ស្តែងការបើកសម្ពោធហាងថ្មីនេះ ត្រូវបានចូលរួមដោយរដ្ឋមន្រ្តីពាណិជ្ជកម្មហ្វីលីពីនលោក Ramon Lopez និងរដ្ឋមន្រ្តីការបរទេស លោក Teodoro Locsin ផងដែរ ខណ:ក្រុមហ៊ុន Ikea បានបង្ហាញថាហាងថ្មីរបស់ខ្លួននេះ គឺជាមូលដ្ឋានគ្រឹះនៃគម្រោងពង្រីកទៅលើការផ្គត់ផ្គង់គ្រឿងសង្ហារឹមខ្នាតយក្ស នៅក្នុងតំបន់អាស៊ី ។
យ៉ាងណាបើទោះបីជាការបើកហាង Ikea ត្រូវបានពន្យារពេលចំពេលមានការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ ប៉ុន្តែពួកគេទទួលបានការកក់ពេញៗ នៅលើប្រព័ន្ធអ៊ីធឺណិត សម្រាប់រយ:ពេលពីរសប្តាហ៍ បន្ទាប់ពីការប្រកាសបើកដំណើរការហាង ។ យ៉ាងណានេះបើតាមការលើកឡើងរបស់ អ្នកគ្រប់គ្រងហាងលោក Georg Platzer ។
បញ្ជាក់ថាហាងលក់គ្រឿងសង្ហារឹមដ៏ធំមួយនេះ គឺមាន ២ ជាន់ ដោយក្នុងនោះមានកន្លែងបរិភោគអាហារ កន្លែងដាក់តាំងបង្ហាញផលិតផល ឃ្លាំងស្តុកទំនិញ កន្លែងវេចខ្ចប់ទំនិញ និងកន្លែងហៅទូរស័ព្ទជាដើម។ ខណ:ហាងនេះផងដែរគឺស្ថិតនៅក្នុងតំបន់អគារ ដែលគ្រប់គ្រងដោយ SM Prime Holding’s Mall Of Asia ។
មិនតែប៉ុណ្ណោះ ការបើកដំណើរការហាងថ្មីនេះ បានកើតឡើងនៅពេលដែល Ikea បានពង្រីកវត្តមានពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួន នៅអំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩ ដោយការបញ្ជាទិញតាមប្រព័ន្ធអ៊ីនធឺណិតឥឡូវនេះ មានចំនួន ២៦% នៃការលក់នៅទូទាំងពិភពលោករបស់ខ្លួន ។
គួរបញ្ជាក់ផងដែរថា Ikea បច្ចុប្បន្នមានហាងជាង ៤៦០ កន្លែង នៅក្នុងទីផ្សារប្រហែល ៦០ ខណ:ពួកគេគ្រោងនឹងបន្ថែមទីតាំងជិត ៦០ បន្ថែមទៀត ។ ហើយសម្រាប់គម្រោងនេះដែរ គឺមិនត្រឹមតែសម្លឹងឃើញនៅក្នុងទីផ្សារអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនក៏នឹងបោះជំហានដំបូងរបស់ខ្លួន ទៅកាន់ទីផ្សារនៅទ្វីបអាមេរិកខាងត្បូង ជាមួយនឹងការបើកសាខានៅទីក្រុង Santiago ប្រទេសឈីលីផងដែរ ៕
ប្រភព: Bangkok Post