ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា ក្រុមហ៊ុនយក្ស China Evergrande របស់ចិនបច្ចុប្បន្នកំពុងមានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ក្រោយពេលរដ្ឋាភិបាលចិនប្រកាសរឹតបន្តឹងច្បាប់ថ្មីទាក់ទងនឹងការជួញដូរអចលនទ្រព្យក្នុងប្រទេស។
តាំងពីប្រកាសច្បាប់រឹតបន្តឹងមក Evergrande ហាក់កំពុងជួបរឿងស្មុគស្មាញជាច្រើន ជាពិសេសជាមួយបំណុលច្រើនជាង ៣០០ ពាន់លានដុល្លារអាមេរិកតែម្ដង រហូតដល់ថ្នាក់មានគម្រោងចង់លក់ក្លឹបបាល់ទាត់ Guangzhou Football Club ទៀតផង។
ដោយឡែក បើតាមរបាយការណ៍ចុងក្រោយដែលទទួលបានគឺ គម្រោងសាងសង់កីឡដ្ឋានធំបំផុតលើលោក គិតទៅលើការផ្ទុកមនុស្សរបស់ Evergrande គឺបានធ្លាក់ទៅក្នុងដៃរបស់រដ្ឋាភិបាល ហើយក៏កំពុងស្ថិតក្នុងការពិចារណាចង់លក់គម្រោងនោះទៅកាន់ភាគីផ្សេងទៀត។
គម្រោងសាងសង់ដែលមានឈ្មោះថា Guangzhou Evergrande Football Stadium គឺបានចាប់ផ្ដើមសាងសង់កាលពីខែមេសាឆ្នាំទៅ នឹងមានគម្រោងបញ្ចប់នៅចុងឆ្នាំ ២០២២ ដែលវាត្រូវបានគេចាត់ទុកជាកីឡដ្ឋានបាល់ទាត់ធំបំផុតលើលោក ដែលមានតម្លៃ ១២ ពាន់លានយ័ន ឬជិត ២ ពាន់លានដុល្លារ។
យ៉ាងណា គ្រោងការណ៍មួយនេះត្រូវបានផ្អាកភ្លាមៗ បន្ទាប់ពី Evergrande ជួបប្រទះបញ្ហាហិរញ្ញវត្ថុ រហូតដល់ថ្នាក់លើនៃក្រុមហ៊ុនពិចារណាលក់គម្រោងនេះ តែមិនទាន់ទទួលបានសំណើពីភាគីណានៅឡើយ ស្របពេលប្រភពជិតស្និទ្ធមួយបង្ហើបថា គម្រោង Evergrande មួយនេះគឺផ្អាកអស់រយៈពេលជិត ៣ ខែមកហើយ។
យ៉ាងណា ពាក្យចចាមអារ៉ាមមួយនេត្រូវបានច្រានចោលទាំងស្រុងពីសំណាក់ភាគីក្រុមហ៊ុន Evergrande ដោយកាលពីខែកញ្ញាកន្លងទៅពួកគេបានអះអាងថា ដំណើរការសាងសង់នៅតែប្រព្រឹត្តទៅជាធម្មតាដដែល ស្របពេលអាជ្ញាធរប្រចាំទីក្រុង Hangzhou ក៏មិនបានចេញមុខបកស្រាយអំពីរឿងនេះដូចគ្នា៕
ប្រភព: Kelo