កាលពីថ្ងៃទី២៣-២៤ ខែវិច្ឆិកា ២០២១នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ វេទិកាតុមូលនិពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុបលើកទី១០ ក្រោមប្រធានបទ៖ “ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកសារព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ”។
ថ្លែងក្នុងពិធីបើក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានគូសបញ្ជាក់ពីផលប៉ះពាល់អវិជ្ជមាន ដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ និងតួនាទីយ៉ាងសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការរបស់អ្នកសារព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។
ក្នុងវេទិកាសាធារណៈនៃកិច្ចប្រជុំពេញអង្គនោះដែរ និពន្ធនាយកសារព័ត៌មានទាំងពីរទ្វីប ក៏បានចែករំលែកនូវព័ត៌មាន បទពិសោធន៍ និងស្ថានភាពជាក់ស្ដែងនៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមប្រទេសរៀងៗខ្លួន ជាពិសេសផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ លើគ្រប់វិស័យ ដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងជីវិតឯកជនផងដែរ។
ទន្ទឹមគ្នានោះ តំណាងនិពន្ធនាយកទ្វីបទាំង២ខាងលើ ក៏បានចែករំលែកជាបទពិសោធន៍ អ្វីដែលជាមេរៀនល្អៗ និងការអនុវត្តជាក់ស្ដែងនៅតាមបណ្ដាប្រទេសរៀងៗខ្លួន ដើម្បីជំរុញការអប់រំដល់សាធារណៈជនពីអក្ខរកម្មព័ត៌មាន និងបណ្ដុះបណ្ដាលអ្នកសារព័ត៌មានប្រជាពលរដ្ឋ ឱ្យយល់ពីក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានថែមទៀតផង។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមថា ក្នុងវេទិការយៈពេល ២ថ្ងៃនេះ ក៏មានការជជែកពិភាក្សាអំពីប្រធានបទ ថាតើអ្នកសារព័ត៌មាន និងរដ្ឋាភិបាលនៃបណ្ដាប្រទេសទាំងអស់ ត្រូវធ្វើដូចម្ដេចដើម្បីចូលរួមចំណែកនៅក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ តាមរយៈកិច្ចពិភាក្សានេះ គឺបានជជែកគ្នាអំពីតួនាទីរបស់អ្នកសារព័ត៌មាន នៅតាមបណ្ដាប្រទេសនីមួយៗ ថាតើត្រូវធ្វើបែបណា នៅក្នុងការសហការគ្នា ជាមួយអ្នកសារព័ត៌មាននៅកម្ពុជា។
ក្នុងកិច្ចប្រជុំពេញអង្គនោះដែរ ក៏បានពិភាក្សាលើប្រធានបទ៖ “ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកសារព័ត៌មាន និងរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លែង” ផងដែរ។
គួរបញ្ជាក់ផងដែរថា វេទិកាតុមូលនិពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុបលើកទី១០ គឺជាព្រឹត្តិការណ៍អមមួយ ក្នុងចំណោមព្រឹត្តិការណ៍អមដទៃទៀត នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ៕