បើតាមមន្រ្តីអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា នៅក្នុងខែធ្នូ ឆ្នាំ២០២១ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៨ ក្នុងនោះចំនួន៦បានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ និងចំនួន២ ស្នើសុំបន្ថែមជើងហោះហើរមកប្រទេសកម្ពុជា។
បើតាមប្រភពពីមន្រ្តីអាកាសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ ដែលបានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ ក្នុងនោះមានក្រុមហ៊ុន Thai Smile Airways មកពីបាងកក (៤ជើង/សប្តាហ៍) , Bangkok Airways មកពីបាងកក (៧ជើង/សប្តាហ៍), Thai Air Asia មកពីបាងកក (៣ជើង/សប្តាហ៍), Philippines Airlines មកពីម៉ានីឡា (១ជើង/សប្តាហ៍), Cathay Pacific Airways មកពីហុងកុង (១ជើង/សប្តាហ៍)។
ដោយឡែក ក្រុមហ៊ុន Singapore Airlines បានស្នើសុំបន្ថែមជើងហោះហើរ ឡើងដល់១៤ជើង/សប្តាហ៍ លើដំណាក់ផ្លូវ សិង្ហបុរី-ភ្នំពេញ-សិង្ហបុរី ព្រមទាំងបានស្នើសុំហោះហើរឡើងវិញលើដំណាក់ផ្លូវ សិង្ហបុរី-សៀមរាប-សិង្ហបុរី ចំនួន៧ជើង/សប្តាហ៍ ក្នុងនោះក៏មានក្រុហ៊ុនអាកាសចរណ៍ក្នុងស្រុក ( Lanmei Airlines) នឹងធ្វើការហោះហើរ លើដំណាក់ផ្លូវ ភ្នំពេញ-សៀមរាប-បាងកក ចំនួន២ជើង/សប្តាហ៍។
រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រាប់អ្នកដំណើរចូលកម្ពុជា ស្របតាមវិធានការ និងលក្ខខណ្ឌតម្រូវការ ដែលបានធ្វើឱ្យមានសន្ទុះអ្នកដំណើរចូលកម្ពុជា មានការកើនឡើងជាបណ្តើរៗ។
ការកំណត់អាទិភាពនៃការចាប់ផ្តើមបើកជើងហោះដឹកអ្នកដំណើរតាមផ្លូវអាកាស ជាមួយបណ្តាប្រទេសអាស៊ាន ជាអាទិភាពចម្បង។ ជាមួយគ្នានេះ អាកាសចរស៊ីវិលកម្ពុជា ក៏នឹងពិភាក្សាជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍ មកពីមជ្ឈឹមបូព៌ាប្រទេស ដូច Emirates, Qatar Airways និង Etihad Airways ដើម្បីរៀបចំជើងហោះហើរឡើងវិញ រួមទាំងក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុនផងដែរ៕