ក្រុមហ៊ុន Ingka Group ដែលជាម្ចាស់នៃហាងលក់ទំនិញរាយ និងសម្ភារៈក្នុងផ្ទះ IKEA លំដាប់ពិភពលោក បានរាយការណ៍មកថា ស្ថិតិនៃប្រាក់ចំណូលប្រាំឆ្នាំបានមានការកើនឡើងខ្លាំង រហូតដល់ថ្នាក់បំបែកកំណត់ត្រាផ្នែកតម្រូវការគ្រឿងសង្ហារិមក្នុងផ្ទះ ស្របពេលប្រជាជនជាច្រើនកំពុងជាប់ចត្តាឡឺស័ក្ដនៅផ្ទះរៀងៗខ្លួន។
បើទោះជាបច្ចុប្បន្នមានហាងជាច្រើនកំពុងបិទទ្វារបណ្ដោះអាសន្ន ដោយសារការរាតត្បាតក្ដី ហើយកង្វះខាតទំនិញក៏កំពុងមានការកើនឡើង ដោយសារការផ្គត់ផ្គង់ជាសកលលោកកំពុងជួបហានិភ័យ តែសម្រាប់ IKEA វិញ គឺនៅតែទទួលបានចំណូលច្រើនក្នុងរយៈពេល ១២ ខែ រហូតដល់ខែសីហាគឺមានការកើនឡើង ៣១% ដល់ ១,៩ ពាន់លានអឺរ៉ុ ខណៈការលក់គឺកើនឡើងដល់ ៦% ខ្ពស់ជាងមុនពេលមានការរាតត្បាតទៅទៀត ស្របពេលការលក់អនឡាញសរុបកើន ៣០% ខណៈកាលឆ្នាំទៅគឺមានត្រឹម ១៨%។
បើធៀបទៅនឹងឆ្នាំ ២០១៩ មុនពេលមានជំងឺរាតត្បាតវិញ អត្រាចំណូលរបស់ក្រុមហ៊ុនគឺមានការធ្លាក់ចុះដល់ទៅ ៨% ដោយសារការវិនិយោគទុនខ្ពស់ខ្លាំងពេក ទើបការចំណាយនៃក្រុមហ៊ុនមានការហក់ឡើងដល់ ៥២% គឺ ៣,២ ពាន់លានអឺរ៉ូ ស្របពេល Ingka ចង់ពន្លឿនការវិនិយោគលើវិស័យឌីជីថល ហាងលក់ទំនិញទំនើប កែច្នៃរចនាបទហាងដែលមានស្រាប់ ការចែកចាយ និងការដឹកជញ្ជូនជាដើម។
បញ្ជាក់ដែរថា ហាងលក់ទំនិញតម្លៃធូរថ្លា IKEA គឺដំណើរការដោយប្រព័ន្ធលក់បែប Franchise ដោយមានក្រុមហ៊ុន Ingka ជាក្រុមហ៊ុនមេ និងមានសាខា ៣៩២ កន្លែងរាប់បញ្ចូលទាំងហាងនៅទីក្រុងនានា និង ៧៣ ហាងតូចៗបន្ថែមទៀត៕
ប្រភព: usnews