នាយករដ្ឋមន្ត្រីឡាវ ថា មកកម្ពុជាជើងនេះ ទទួលបានជោគជ័យយ៉ាងធំធេង

សង្គម​ និង​សេដ្ឋកិច្ច

មុនចាក់ចេញពីកម្ពុជានៅដំណើរទស្សនកិច្ចផ្លូវការនៅថ្ងៃទីពីរ លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ បានអះអាងថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជានាពេលនេះ គឺទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងការរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងបងប្អូនរវាងប្រទេសទំាងពីរលើគ្រប់វិស័យ ទាំងការងារសង្គម ពាណិជ្ជកម្ម ពិសេស រដ្ឋាភិបាលទាំងពីរបានសន្យាខិតខំដោះស្រាយបញ្ហានៅសេសសល់លើកិច្ចការព្រំដែន ដើម្បីប្រែក្លាយជាបន្ទាត់ព្រំដែនសន្តិភាព អភិវឌ្ឍ និងបងប្អូន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ផន ខាំ វីផាវ៉ាន់ អះអាងដូច្នេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី៣០ វិច្ឆិកា ឆ្នាំ២០២១នេះ។ 

ក្រៅពីសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាកម្ពុជា លោកនាយករដ្ឋមន្រ្តីឡាវក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលបានផ្តល់សម្ភារៈបរិក្ខារពេទ្យ មានម៉ាស និងវ៉ាក់សាំងបង្ការកូវីដដល់ប្រទេសឡាវ។

បន្ថែមលើនេះ កម្ពុជាក៏បានផ្តល់ជំនួយថវិកាចំនួន ១៣ លានដុល្លារអាមេរិក ដែល ៣លានដុល្លារ ជាថវិការាជរដ្ឋាភិបាលកម្ពុជា និង ១០លានដុល្លារទៀតបានពីវិស័យឯកជន និងបានផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូស រថយន្តសម្រាប់ផ្ទុកវ៉ាក់សាំងចំនួនពីរគ្រឿងថែមទៀតជូនដល់ប្រទេសឡាវ។

ឆ្លៀតក្នុងឪកាសនេះដែរ លោក ផនខាំ វីផាវ៉ាន់ ក៏បានអបអរសាទរជាមួយកម្ពុជានៅក្នុងការចូលរួមយ៉ាងសកម្ម និងទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងវេទិកាអន្តរជាតិ ដូចជា រៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ និង កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលទើបបញ្ចប់ទៅកាលពីពេលថ្មីៗនេះដែលបានបង្ហាញពីកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិយ៉ាងធំធេង៕