សេដ្ឋកិច្ចឥណ្ឌា កំពុងស្ថិតនៅក្នុងសញ្ញាណងើបឡើងវិញ ក្រោយបានកើនឡើង ៨,៤%

អន្តរជាតិ

សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាបានកើនឡើងប្រមាណ ៨,៤% នៅក្នុងអំឡុងត្រីមាសខែកក្កដា ដល់ខែកញ្ញា បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ដែលចំនួននេះកំពុងតែបង្កើនក្តីសង្ឃឹមនៃការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ជាតិ បន្ទាប់ពីប្រទេសមួយនេះ បានទទួលរងនូវការធ្លាក់ចុះជាប្រវត្តិសាស្រ្ត ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងឥណ្ឌា ដែលជាប្រទេសមានទំហំសេដ្ឋកិច្ចធំជាងគេទី ៣ របស់អាស៊ី បានទទួលរងនូវការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរបំផុត ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំៗដទៃទៀត បើផ្នែកតាមឆ្នាំសារពើពន្ធចុងក្រោយ ។

រំលឹកថានៅក្នុងត្រីមាសដូចគ្នា កាលពីឆ្នាំមុន សេដ្ឋកិច្ចឥណ្ឌាបានធ្លាក់ចុះយ៉ាងគំហុកដល់ ៧,៤% ដោយសារការកើនឡើងនៃចំនួនអ្នកឆ្លងកូវីដ ១៩ និងការបិទខ្ទប់ប្រទេស ជាមួយច្បាប់ដ៏តឹងរ៉ឹង អស់រយ:ពេលជាច្រើនខែ ដែលបង្កជាផលប៉ះពាល់យ៉ាងខ្លាំង ដល់សកម្មភាពសេដ្ឋកិច្ច ។

ប៉ុន្តែទោះជាយ៉ាងណា ស្ថានភាពនៅក្នុងប្រទេសឥណ្ឌា បានមានភាពល្អប្រសើរឡើង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណ:ករណីឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះយ៉ាងខ្លាំង ដែលបានជំរុញឲ្យមានទំនុកចិត្ត ក្នុងការបើកដំណើរការអាជីវកម្ម និងឧស្សាហកម្មឡើងវិញ ស្របពេលផ្លូវ និងទីផ្សារនានា នៅទូទាំងប្រទេសឥឡូវនេះ ប្រែជាមានសកម្មភាពយ៉ាងមមាញឹក ។

មិនតែប៉ុណ្ណោះ អ្នកជំនាញបាននិយាយថា វិស័យធំៗដូចជាកសិកម្ម និងការរុករករ៉ែ បានដំណើរការយ៉ាងល្អវិញ ដែលនេះជាផ្នែកមួយ ធ្វើឲ្យសេដ្ឋកិច្ចនៅក្នុងប្រទេសឥណ្ឌាទទួលបានកំណើន ដែលបានឃើញនៅក្នុងអំឡុងត្រីមាសខែកក្កដា ដល់ខែកញ្ញានៃឆ្នាំនេះ ៕

ប្រភព: SFgate