ក្រុមហ៊ុនឧកញ៉ា សួរ វីរៈ ទទួលបានពានរង្វាន់ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ២០២១

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ទទួលបានពានរង្វាន់ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ២០២១ “VET Food and Fruit Crisis Response” ពីមជ្ឈមណ្ឌលនវានុវត្តន៍ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃពុធ ទី១ ធ្នូនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបជូនថា កម្មវិធីប្រគល់ពានរង្វាន់ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ២០២១ ដែលមជ្ឈមណ្ឌលនវានុវត្តន៍ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រគល់ជ័យលាភីឲ្យនៅពេលនេះ គឺមានក្រុមហ៊ុនស្ថាប័នចំនួន ៦ ត្រូវបានជ្រើសរើសក្នុងចំណោមអ្នកដាក់ពាក្យ ជាង ២០០ ស្ថាប័ន ដោយគណៈកម្មការជំនាញ មកពីស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សង្គមស៊ីវិល និងគ្រឹះស្ថានសិក្សា ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យទាំង ៤ ចំណុចគឺការច្នៃប្រឌិតបច្ចេកវិទ្យា ការដោះស្រាយបញ្ហា ប្រសិទ្ធភាពនៃប្រតិបត្តិការ និងយុទ្ធសាស្ត្រទីផ្សារ។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា ពានរង្វាន់ ICT កម្ពុជា គឺជាគំរូ នៃភាពជោគជ័យ របស់សហគ្រិនបច្ចេកវិទ្យា និងធុរកិច្ចថ្មីឌីជីថលរបស់យើង ក្នុងការចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងជំរុញឱ្យធុរកិច្ចថ្មីឌីជីថលកម្ពុជាក្នុងការពង្រីកខ្លួនទៅក្នុងឆាកតំបន់ និងឆាកអន្តរជាតិផងដែរ។ នៅក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្ហាញពីភាពសំខាន់មិនអាចខ្វះបាននៃការដោះស្រាយវិបត្តិចំពោះមុខតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ICT។

ជាមួយគ្នានេះដែរ ស្ថាបនិកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ឧកញ៉ា សួរ វីរៈ បានលើកឡើងថា វាពិតជាមោទនភាពថ្មីមួយទៀតដែល វីរះប៊ុនថាំ ទទួលបានដែលកើតចេញពីការលះបង់ក្នុងការងារប្រចាំថ្ងៃ និងការចូលរួមជួយដល់សង្គមជាតិ។

លោកបន្ថែមថា ជាដំបូងខ្ញុំសូមថ្លែងអរគុណដល់ បុគ្គលិកវីរះប៊ុនថាំ និង VTENH ទាំងអស់ដែលបានខំប្រឹងប្រែងអស់ពីសមត្ថភាព រហូតទទួលបានជ័យលាភី ពានរង្វាន់ឆ្នើមប្រចាំឆ្នាំ ជាក្រុមហ៊ុនផ្តល់សេវាកម្មប្រកបដោយបច្ចេកវិទ្យាល្អបំផុតប្រចាំប្រទេសកម្ពុជា។

គួររម្លឹកថា ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុនឈានមុខក្នុងការផ្តល់សេវាកម្មដឹកអ្នកដំណើរ និងបញ្ញើអីវ៉ាន់ ប្រកបដោយគុណភាពខ្ពស់ លឿនរហ័ស ជាមួយនឹងកេរ្តិ៍ឈ្មោះល្បីល្បាញជាង ២ ទស្សវត្សន៍នៅប្រទេសកម្ពុជា ខណៈ វីរៈ ប៊ុនថាំ អេចប្រេស ក៏ជាក្រុមហ៊ុនខ្មែរឈានមុខគេតែមួយគត់ ដែលមានសាខាជាមួយប្រទេសថៃ​ ចិន និងវៀតណាម៕