សម្តេច ហ៊ុន សែន៖ កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងហក់ឡើង ទោះបីមេរោគបំប្លែងខ្លួនប្រភេទថ្មី អូមីក្រុង កំពុងអុកឡុកពិភពលោក

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ ទី២ ធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា តាមរយៈកំណ​ើនភ្ញៀវទេសចរចេញដើរកម្សាន្តទៅកាន់តំបន់នានាក្នុងប្រទេសកម្ពុជាដ៏ច្រើនកាលពីខែកន្លងទៅ សម្តេចគូសបញ្ជាក់ថា ការកើនឡើងនេះជាសញ្ញាវិជ្ជមាននៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងហក់ឡើង បើទោះបីជាមេរោគបំប្លែងខ្លួនប្រភេទថ្មី អូមីក្រុង កំពុងអុកឡុកពិភពលោកនាពេលបច្ចុប្បន្នក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ចំនួនភ្ញៀវទេសចរដើរកម្សាន្តថ្ងៃពិធីបុណ្យអុំទូកប្រមាណជាង ១លាននាក់១សែននាក់ រយៈពេល ៣ថ្ងៃ ដោយបូករួមថ្ងៃអាទិត្យមួយថ្ងៃទៀត។ តំបន់ដែលមានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ មានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប ខេត្តកំពត និងខេត្តកែប។

មិនត្រឹមតែទទួលបានសញ្ញាវិជ្ជមានផ្នែកវិស័យទេសចរណ៍ប៉ុណ្ណោះទេ វិស័យសេវាកម្ម សហគមន៍ទេសចរណ៍ អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ សេវាដឹកជញ្ជូន រួមទាំងអន្តរវិស័យផ្គត់ផ្គង់ក្នុងផ្នែកទេសចរណ៍ នឹងទទួលបានផលដូចគ្នា។

គួររម្លឹកថា នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា សម្តេចមានប្រសាសន៍ថា ឆ្នាំ២០២២ខាងមុខ កម្ពុជា ដាក់កំណើនសេដ្ឋកិច្ចត្រឹម ៤,២% ប៉ុន្តែសម្តេចរំពឹងថា សេដ្ឋកិច្ចឆ្នាំក្រោយអាចហក់ឡើងលើស ៥%។  

សម្តេច ហ៊ុន សែន ដាក់ក្តីរំពឹងខ្ពស់លើសេដ្ឋកិច្ចឆ្នាំក្រោយបែបនេះ ដោយសារមើលឃើញអំពីវិស័យកសិកម្មនៅដំណើរការទាំងអស់ ថែមទាំងលើសផែនការកំណត់ទៅទៀត។ ចំណែកការនាំចេញផ្នែកវិស័យកសិម្មមានទំហំធំជាងមុនឆ្ងាយ៕