អត្ថបទមុន ឧកញ៉ាញូវសន៍បានបង្ហាញពីបុគ្គលជាប់ឈ្មោះជាសេដ្ឋីមានបំផុតតាមប្រទេសនៅតំបន់អាស៊ាន។ ដោយឡែកអត្ថបទនេះវិញ ឧកញ៉ាញូវសន៍នឹងបន្តជីកកកាយឲ្យអ្នកតាមដានបានស្គាល់ពីប្រវត្តិរបស់ស្ដេចត្រាញ់នៃប្រទេសឡាវម្ដង។
លោក Khamtai Siphandone ត្រូវបានគេស្គាល់ថាជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតប្រចាំប្រទេសឡាវ។ ហើយប្រវត្តិសេដ្ឋីដែលមាន ហើយទម្រាំមានថ្ងៃជោគជ័យបែបនេះ អ្នកនយោបាយវ័យ ៩៧ ឆ្នាំ ធ្លាប់មានប្រវត្តិតស៊ូដែលគ្រប់គ្នាអាចនឹងស្មានមិនដល់។
លោកបានធំធាត់ឡើងនៅក្នុងគ្រួសារត្រកូលកសិករ និងការងារដំបូងរបស់លោកគឺជាអ្នករត់សំបុត្រតាមប្រៃសណីយ៍ និងក្រោយមកបានចូលរួមក្នុងចលនារំដោះជាតិ Laos Issara បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី២ ដើម្បីទាមទារឯករាជ្យភាពរបស់ឡាវ ព្រមទាំងប្រឆាំងនឹងការវិលត្រឡប់នៃការគ្រប់គ្រងអាណាព្យាបាលរបស់បារាំង។
លុះដល់ឆ្នាំ ១៩៥៤ លោក Siphandone បានក្លាយជាសមាជិកនៃបក្សកុម្មុយនីស្ត Indochina និងរំលងបានមួយឆ្នាំបានក្លាយជាសមាជិកនៃគណបក្សប្រជាជនឡាវ Laos People’s Party ដែលបានស្ថិតក្រោមការគ្រប់គ្រងរបស់លោកនៅឆ្នាំ ១៩៥៧។
ការប្រឡូកនៅក្នុងវិស័យនយោបាយរបស់ Siphandone គឺមានភាពជោគជ័យខ្លាំងពោលគឺនៅឆ្នាំ ១៩៦២ លោកបានក្លាយជាអ្នកស្នងតំណែងនាយសេនាធិការនៃអង្គភាពប្រដាប់អាវុធ ប្រចាំតំបន់ Pathet Lao ហើយរំលងបានតែ ៤ ឆ្នាំបានឡើងតំណែងជាមេបញ្ជាការនៃកងទ័ពរំដោះប្រជាជនឡាវ ដែលធ្វើការប្រឆាំងនឹងកងទ័ពវៀតណាមខាងត្បូង។
ក្រោយឡាវស្ថិតក្រោមការគ្រប់គ្រងរបបកុម្មុយនីស្តនៅឆ្នាំ ១៩៧៥ បុរសដែលមានដើមកំណើតជាកូនកសិករបានក្លាយជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអនុប្រធានទីស្តីការគណៈរដ្ឋមន្ត្រី ហើយលោកបានកាន់តំណែងនៅការិយាល័យនេះអស់រយៈពេល ១៦ ឆ្នាំ មុនបន្តក្លាយជាអ្នកស្នងជាប្រធានគណបក្ស LPRP នៅឆ្នាំ ១៩៩១ ដែលគ្រានោះលោកបានក្លាយជានាយករដ្ឋមន្ត្រី។
រហូតដល់ឆ្នាំ ១៩៩៨ លោក Khamtai Siphandone បានជាប់ឈ្មោះជាប្រធានាធិបតីប្រទេសឡាវ ហើយបានក្ដោបក្ដាប់ឋានៈមួយនេះរហូតដល់ខែមិថុនា ២០១៦ ទើបបានចុះចេញពីតំណែង។
ដោយឡែក ទ្រព្យសម្បត្តិសរុបរបស់លោកគឺមិនត្រូវបានទម្លាយឲ្យដឹងជាក់លាក់ទេ គ្រាន់តែដឹងថាប្រភពព័ត៌មានបរទេសចុះផ្សាយអាចមានចន្លោះ ៨០០ ទៅ ៨៦០ លានដុល្លារអាមេរិក៕